×

បារាំងប៉ះប៉ូឡូញ ខណៈអង់គ្លេសប្រកួតនឹងសេណេហ្គាល់ នៅវគ្គ16ក្រុមចុងក្រោយWorld Cupយប់នេះ ផ្សាយបន្តផ្ទាល់នៅទូរទស្សន៍CTN,MyTVនិងCNC

ការប្រកួតវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 រវាងបារាំងជាមួយប៉ូឡូញ និងអង់គ្លេសជាមួយសេណេហ្គាល់ នឹងធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ទី 4 ខែធ្នូនេះ។

បារាំង នឹងត្រូវជួបជាមួយប៉ូឡូញ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។

បារាំងបានកក់កៅអីវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះលើអូស្ត្រាលី និងដាណឺម៉ាក ប៉ុន្តែលទ្ធផលនៅក្នុងការប្រកួតចុងក្រោយនៃពូល D បានឃើញបារាំងរងបរាជ័យក្រោមថ្វីជើងរបស់ទុយណេស៊ី។ រីឯ ប៉ូឡូញបានបញ្ចប់នៅចំណាត់ថ្នាក់លេខ 2 ក្នុងពូល C ដោយពួកគេបានចាញ់អាហ្សង់ទីន នៅប្រកួតចុងក្រោយ ក្រោយពីយកឈ្នះលើអារ៉ាប៊ីសាអ៊ូឌីត និងស្មើជាមួយម៉ិកស៊ិក។

សូមបញ្ជាក់ថា បារាំងធ្លាប់ប៉ះប៉ូឡូញតែម្ដងប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍ World Cup ហើយលើកនេះ គឺជាការប៉ះគ្នាលើកដំបូងចាប់តាំងពីការប្រកួតដណ្ដើមលេខ 3 កាលពីឆ្នាំ 1982 ដែលប៉ូឡូញបានយកឈ្នះបារាំងក្នុងលទ្ធផល 3-2 ។

ក្នុងការប្រកួតមួយគូផ្សេងទៀត អង់គ្លេសនឹងត្រូវតតាំងជាមួយសេណេហ្គាល់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។

អង់គ្លេស គឺជាក្រុមខ្លាំងមកពីពូល B ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ទោះបីជាពួកគេទទួលបានលទ្ធផលត្រឹមស្មើជាមួយសហរដ្ឋអាមេរិកក៏ដោយ។ អង់គ្លេសគឺជាក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេនៅវគ្គសន្សំពិន្ទុ World Cup ដោយមាន 9 គ្រាប់។ ដោយឡែកគូប្រកួតរបស់ពួកគេ ពោលគឺសេណេហ្គាល់ បានយកឈ្នះលើអេក្វាឌ័រ និងកាតា ក្រោយពីរងបរាជ័យក្រោមថ្វីជើងរបស់ហុល្លង់នៅក្នុងពូល A ។

គួរជម្រាបថា អង់គ្លេសមិនធ្លាប់ចាញ់ក្រុមមកពីអាហ្វ្រិកឡើយ នៅក្នុងការប្រកួត World Cup ចំនួន 7 ដងកន្លងទៅ។ ពួកគេ បានយកឈ្នះកាម៉េរូន នៅវគ្គ 8 ក្រុមចុងក្រោយ ដោយលទ្ធផល 3-2 នៅក្នុងម៉ោងបន្ថែម កាលពីឆ្នាំ 1990 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង