គ្រូបង្វឹក Tite បានបញ្ជាក់ថា Neymar អាចនឹងចូលលេងសម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 រវាងប្រេស៊ីលជាមួយកូរ៉េខាងត្បូង នៅយប់ថ្ងៃទី 5 ឈានចូលថ្ងៃទី6 ខែធ្នូនេះ។
ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះ បានខកខានការប្រកួតក្នុងពូលរបស់ប្រេស៊ីល បន្ទាប់ពីរងរបួសនៅកជើងស្តាំ ក្នុងការប្រកួតបើកឆាកជាមួយស៊ែប។
កាលពីម្សិលមិញ គ្រូបង្វឹក Tite បានបញ្ជាក់ថា៖ “Neymar នឹងហ្វឹកហាត់ថ្ងៃនេះនៅពេលរសៀល ហើយប្រសិនបើគាត់ហ្វឹកហាត់បានល្អ គាត់នឹងលេង”។
ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain ត្រូវបានជំនួសនៅនាទីទី 80 បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយកីឡាករ Nikola Milenkovic ។
ខ្សែការពារ Danilo ក៏ត្រូវបានរាយការណ៍ថា បានត្រឡប់មកហ្វឹកហាត់វិញផងដែរ ប៉ុន្តែខ្សែការពារ Alex Telles និង ខ្សែប្រយុទ្ធ Gabriel Jesus នឹងអវត្តមានសម្រាប់ការប្រកួតរបស់ប្រេស៊ីលដែលនៅសល់។
សូមជម្រាបថា ការប្រកួតរវាងប្រេស៊ីលជាមួយកូរ៉េខាងត្បូង នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ៕