គ្រូបង្វឹកអេស្ប៉ាញលោក Luis Enrique សង្ឃឹមថាកីឡាកររបស់គាត់នឹងធ្វើបានល្អសម្រាប់ការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីគាត់បានបញ្ជាឱ្យកូនក្រុមរបស់គាត់ ហ្វឹកហាត់ទាត់ប៉េណាល់ទីចំនួន 1,000 ដង មុនការប្រកួតទល់នឹងម៉ារ៉ុក នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022។
អេស្ប៉ាញ បានចាញ់អ៊ីតាលី ដោយសារការស៊ុតបាល់ប៉េណាល់ទី ក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ EURO កាលពីឆ្នាំមុន។ លោក Enrique បាននិយាយថា ៖ “ជាងមួយឆ្នាំមុន នៅក្នុងជំរំហ្វឹកហាត់មួយ ក្នុងប្រទេសអេស្ប៉ាញ ខ្ញុំបានប្រាប់ពួកគេថា ពួកគេត្រូវតែ ហ្វឹកហាត់ទាត់ប៉េណាល់ទីយ៉ាងហោចណាស់ 1,000 ដងមុនមកទីនេះ”។
ទន្ទឹមនឹងនេះដែរ ខ្សែការពារស្លាបរបស់ម៉ារ៉ុក Achraf Hakimi បាននិយាយថាគាត់គិតថាក្រុមរបស់គាត់អាចនឹងបង្កការភ្ញាក់ផ្អើលមួយទៀតទល់នឹងអេស្ប៉ាញ។ កីឡាករវ័យ 24 ឆ្នាំដែលកើតនៅរដ្ឋធានី Madrid របស់ប្រទេសអេស្ប៉ាញ ត្រូវបានជ្រើសរើសសម្រាប់ក្រុមយុវជនរបស់អេស្ប៉ាញ តែក្រោយមកបានសម្រេចចិត្តជ្រើសរើសការតំណាងឱ្យម៉ារ៉ុកវិញ។
អេស្ប៉ាញពុំធ្លាប់ចាញ់ម៉ារ៉ុកទេ ក្នុងការជួបគ្នា 3 លើកចុងក្រោយ ដោយឈ្នះ 2 និងស្មើ 1 ។ ការឈ្នះទាំងពីរបានកើតឡើងនៅក្នុងការប្រកួត Play-off សម្រាប់ World Cup ឆ្នាំ 1962 ខណៈអេស្ប៉ាញបានយកឈ្នះទាំងពីរជើងដោយលទ្ធផល 1-0 និង 3-2 ៕