ស្វីស នឹងប្រកួតជាមួយព័រទុយហ្គាល់នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Lusail ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ។
ស្វីស បានទទួលជ័យជម្នះ 2 ប្រកួត កាលពីវគ្គសន្សំពិន្ទុពូល G ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ 2 ។ ក្រឡេកទៅអតីតកាល ក្រុមនេះមិនធ្លាប់ឈ្នះ 3 ប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup ណាមួយនោះទេ និងបានធ្លាក់ចេញពីការប្រកួតនៅត្រឹមវគ្គ 16 ក្រុមចុងក្រោយសម្រាប់ការបង្ហាញខ្លួននៅ World Cup ចំនួន 7 ដងចុងក្រោយរបស់ពួកគេ។
បើទទួលបានជ័យជម្នះយប់នេះ ព័រទុយហ្គាល់នឹងឈានទៅកាន់វគ្គ 8 ក្រុមចុងក្រោយ World Cup ជាលើកទី 3 បន្ទាប់ពីពួកគេបានចាញ់ 4 ក្នុង 5 ប្រកួតចុងក្រោយនៅត្រឹមវគ្គចាញ់ធ្លាក់ World Cup រួមទាំងការចាញ់អ៊ុយរុយហ្គាយ កាលពី 4 ឆ្នាំមុននៅប្រទេសរុស្ស៊ី នៅវគ្គ 16 ក្រុមចុងក្រោយនេះផងដែរ។
ការប្រកួតយប់នេះ គឺជាការជួបគ្នាជាលើកទី 3 រវាងព័រទុយហ្គាល់ និងស្វីស ក្នុងឆ្នាំ 2022 បន្ទាប់ពីក្រុមទាំងពីរបានយកឈ្នះគ្នាម្ដងម្នាក់ ក្នុងការប្រកួតក្របខណ្ឌ UEFA Nations League កាលពីខែមិថុនា៕