ខ្សែបម្រើសញ្ជាតិអូស្ត្រាលី ឈ្មោះ Cameron Devlin ដែលមិនបានចូលលេងទាល់តែសោះ ក្នុងការប្រកួត FIFA World Cup Qatar 2022 បានត្រឡប់មកប្រទេសកំណើតវិញ ជាមួយនឹងអាវរបស់ Lionel Messi បន្ទាប់ពីអូស្ត្រាលីបានចាញ់អាហ្សង់ទីន នៅវគ្គ 16 ក្រុមចុងក្រោយ។
Devlin ដែលលេងឱ្យក្លិប Heart of Midlothian ក្នុងក្របខណ្ឌកំពូលស្កុតឡែន បានប្ដូរអាវជាមួយ Messi ដែលបានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការប្រកួតទី 1000 របស់គាត់។
វីដេអូដ៏ល្បីមួយត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម នៅពេលដែល Messi បានឱ្យអាវរបស់គាត់ទៅឱ្យ Devlin ។ ពេលទៅដល់ប្រទេសអូស្ត្រាលីវិញ Devlin បាននិយាយថាគាត់នឹងទុកអាវរបស់ Messi នៅផ្ទះ ប៉ុន្តែឪពុករបស់គាត់ចង់បានអាវរបស់តារាឆ្នើមអាហ្សង់ទីននេះណាស់។ សូមជម្រាបថា អាវនេះអាចនឹងមានតម្លៃខ្ពស់ នៅពេលអនាគត ដោយសារជារបស់ដ៏កម្រ៕