ការប្រកួតចំនួន 2 គូចុងក្រោយ នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 រវាងម៉ារ៉ុក ជាមួយអេស្ប៉ាញ ព្រមទាំងការប្រកួតរវាងព័រទុយហ្គាល់ ជាមួយស្វីស បានបញ្ចប់ ដែលបានធ្វើឱ្យយើងបានរកឃើញក្រុមទាំង 8 ដែលបានឈានទៅវគ្គបន្ទាប់។
ម៉ារ៉ុក បានយកឈ្នះលើអេស្ប៉ាញ ក្នុងការទាត់បាល់ប៉េណាល់ទី 3-0 បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់សម្រាប់ម៉ោងធម្មតា និងថែម 15 នាទីពីរដង ខណៈព័រទុយហ្គាល់ ទទួលជ័យជម្នះលើស្វីសយ៉ាងងាយស្រួល ក្នុងលទ្ធផល 6-1 ។ ដូច្នេះក្រុមទាំងពីរ នឹងត្រូវជួបគ្នានៅវគ្គ 8 ក្រុមចុងក្រោយ។
ការប្រកួតរវាងម៉ារ៉ុក ជាមួយព័រទុយហ្គាល់ នឹងធ្វើឡើងនៅថ្ងៃទី 10 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។
សូមបញ្ជាក់ថា ក្រុមទាំង 8 រួមមាន៖ ហុល្លង់ អាហ្សង់ទីន អង់គ្លេស បារាំង ក្រូអាត ប្រេស៊ីល ម៉ារ៉ុក និងព័រទុយហ្គាល់។ ដូច្នេះ ក្រុមមកពីទ្វីបអឺរ៉ុប មាន ហុល្លង់ អង់គ្លេស បារាំង ក្រូអាត និងព័រទុយហ្គាល់។ ក្រុមមកពីអាមេរិកឡាទីន នៅសល់ អាហ្សង់ទីន និងប្រេស៊ីល ខណៈក្រុមតំណាងឱ្យទ្វីបអាហ្វ្រិក គឺនៅសល់តែ ម៉ារ៉ុក ប៉ុណ្ណោះ៕