លោក Fernado Santos គ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានពន្យល់ពីមូលហេតុដែលគាត់មិនដាក់ Cristiano Ronaldo ជាជម្រើសដំបូងក្នុងជ័យជម្នះលើស្វីស 6-1 នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United បានបង្ហាញទឹកមុខហាក់មិនសូវសប្បាយចិត្តនៅពេលត្រូវបានប្ដូរចេញនៅវគ្គទីពីរក្នុងការប្រកួតទល់នឹងកូរ៉េខាងត្បូង។
លោក Santos បាននិយាយថា៖ “យើងចង់បានក្រុមដែលលេងដោយរលូន”។ “Cristiano មានចលានាតិច (ជាង Goncalo Ramos) ដោយសារគាត់ លេងជាតួនាទី ប្រយុទ្ធក្នុងប្រអប់”។ “Goncalo មានលក្ខណៈខុសគ្នា គាត់មានភាពស្វាហាប់ខ្លាំងណាស់ ហើយនោះជាអ្វីដែលគាត់ បង្ហាញឱ្យពួកយើងបានឃើញ”។
លោក Santos បានបន្តថា Ronaldo ដែលមានវ័យ 37 ឆ្នាំប្រាកដជាបានលេងនៅក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយ។ “Ronaldo នឹងបានលេង កីឡាករទាំងអស់ដែលនៅកៅអីបម្រុងនឹងត្រូវបានប្រើប្រាស់”។
សូមរំឭកថា ស្របពេលដែល Ronaldo មិនបានចូលលេង ខ្សែប្រយុទ្ធ Goncalo Ramos បានរកគ្រាប់បាល់ហ៊ែតទ្រីកទល់នឹងក្រុមស្វីស៕