គណៈកម្មាធិការវិន័យរបស់ FIFA កាលពីថ្ងៃពុធ បានពិន័យសហព័ន្ធកីឡាបាល់ទាត់ក្រូអាត សម្រាប់ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការរើសអើងជនជាតិភាគតិចនៅ World Cup ។
FIFA បានផាកពិន័យក្រូអាតចំនួន 50,580 អឺរ៉ូ បន្ទាប់ពីអ្នកគាំទ្ររបស់ក្រូអាត បានប្រើប្រាស់ពាក្យសម្ដី និងជេរប្រមាថអ្នកចាំទីសញ្ជាតិកាណាដា Milan Borjan ដែលមានគ្រួសារជាជនជាតិស៊ែប។
FIFA បានចាត់ទុកសកម្មភាពរបស់អ្នកគាំទ្រក្រូអាតជា៖ “ការប្រើពាក្យ និងវត្ថុដើម្បីបញ្ជូនសារមិនសមរម្យសម្រាប់ព្រឹត្តិការណ៍កីឡា”។
Borjan របស់កាណាដា បានកើតនៅក្នុងតំបន់មួយនៃប្រទេសក្រូអាត ដែលមានជនជាតិស៊ែប ជាជនជាតិភាគតិចរស់នៅ។ គ្រួសាររបស់គាត់ និងជនជាតិស៊ែប បានចាកចេញពីស្រុកកំណើត កាលពីឆ្នាំ 1995 ដោយសារសង្គ្រាម ដោយធ្វើដំណើរតាមរយៈត្រាក់ទ័រ។
អំឡុងពេលដែលកាណាដាចាញ់ក្រូអាត 4-1 នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បដាមួយបានសរសេរថា “Borjan is an Ustasha” ដែលបានសំដៅទៅលើចលនាហ្វាស៊ីសសម័យសង្គ្រាមលោកលើកទីពីររបស់ ក្រូអាត ដែលនាំឱ្យក្លាយជារដ្ឋឯករាជ្យនៃក្រូអាត ឬ NDH ជារដ្ឋស្ថិតក្រោមណាស៊ីអាល្លឺម៉ង់៕