×

Kyle Walker ថា Mbappe នឹងមិនអាចបញ្ឈប់អង់គ្លេសក្នុងការឈ្នះពានរង្វាន់ World Cup បានឡើយ

ខ្សែការពារសញ្ជាតិអង់គ្លេស Kyle Walker បាននិយាយថា តារាបាល់ទាត់បារាំង Kylian Mbappe នឹងមិនរារាំងការឈ្នះពានរង្វាន់ World Cup របស់អង់គ្លេសបានឡើយ ខណៈអ្នកទាំងពីរ នឹងត្រូវជួបគ្នាក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅថ្ងៃទី 10 ឈានចូលថ្ងៃទី 11 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។

Mbappe ដែលកំពុងនាំមុខគេក្នុងការឈ្នះស្បែកជើងមាសជាមួយ នឹងការស៊ុតបញ្ចូល ទី 5 គ្រាប់ក្នុង 4 ប្រកួតនោះបានវិលមកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងវិញហើយកាលពីថ្ងៃពុធ បន្ទាប់ពីអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃអង្គារ។

Walker ត្រូវបានទុកចិត្តសម្រាប់ក្នុងការរារាំង Mbappe ហើយកីឡាករ វ័យ 32 ឆ្នាំរូបនេះបាននិយាយថាគាត់នឹងមិនឱ្យខ្សែប្រយុទ្ធបារាំងរូបនេះលេងបានដោយស្រួលៗទេ។

Walker បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា៖ “ពួកយើងទទួលស្គាល់ថាគាត់ជាកីឡាករដែលកំពុងមានទម្រង់លេងដ៏ល្អ ប៉ុន្តែមិនមែនខ្ញុំក្រាលកម្រាលព្រំក្រហម ហើយឱ្យគេរកគ្រាប់បាល់បានដោយងាយស្រួលនោះទេ។”

“ខ្ញុំតំណាងឱ្យប្រទេសរបស់ខ្ញុំនៅវគ្គ 8 ក្រុមចុងក្រោយ World Cup ។ នេះជាការប្រកួតចាញ់ធ្លាក់។ ប្រសិនបើយើងចាញ់ យើងត្រឡប់ទៅផ្ទះវិញ។ គាត់នឹងមិនមែនជាឧបសគ្គរបស់ខ្ញុំក្នុងវិថីទៅរកការឈ្នះពានរង្វាន់ World Cup សម្រាប់ប្រទេសរបស់ខ្ញុំនោះទេ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង