Raheem Sterling បានស្នើដល់សមាគមបាល់ទាត់អង់គ្លេស ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសសាជាថ្មី នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 មុនពេល ក្រុមតោកំណាច នឹង ត្រូវ ប្រកួត ជាមួយ ក្រុម បារាំង ក្នុង វគ្គ 8 ក្រុម ចុង ក្រោយ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅថ្ងៃទី 10 ឈានចូលថ្ងៃទី 11 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។
ខ្សែបម្រើស្លាបក្រុមតោខៀវ Chelsea វ័យ 28 ឆ្នាំរូបនេះ បានចាកចេញពីប្រទេសកាតា កាលពីសប្ដាហ៍មុន បន្ទាប់ពីផ្ទះរបស់គាត់ ត្រូវបានចោរគាស់ និងលួចទ្រព្យសម្បត្តិមួយចំនួន។ Sterling មិនបានលេងនៅក្នុងការទទួលជ័យជម្នះ 3-0 របស់អង់គ្លេសទល់នឹងសេណេហ្គាល់ក្នុង 16 ក្រុមចុងក្រោយនោះទេ។ Sterling បានត្រឡប់ទៅផ្ទះដោយសារព្រួយបារម្ភចំពោះកូនៗ របស់គាត់។
សមាគមបាល់ទាត់អង់គ្លេស នឹងសម្រេចលើសំណើវិលត្រឡប់របស់ Sterling នៅមុនការប្រកួតរវាងអង់គ្លេស ជាមួយបារាំង។
សូមជម្រាបថា Sterling បានលេងចំនួន 2 ប្រកួតដំបូងរបស់អង់គ្លេស ក្នុងពូល B ដែលគេស៊ុតបញ្ចូលទីបាន 1 គ្រាប់ផងដែរ ក្នុងជ័យជម្នះ 6-2 ទល់នឹងអ៊ីរ៉ង់៕