×

ភាពខ្លាំងរបស់ក្រូអាតក្នុងការទាត់ប៉េណាល់ទីអាចជាអត្ថប្រយោជន៍ពេលជួបប្រេស៊ីលយប់នេះ

ក្រូអាតត្រូវប៉ះប្រេស៊ីលក្នុងការប្រកួតវគ្គ 8ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Education City ទីក្រុង Al Rayyan ប្រទេសកាតា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់នេះតទៅ។

បន្ទាប់ពីបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល F ក្រូអាតបានយកឈ្នះជប៉ុន កាលពីវគ្គ 16 ក្រុមចុងក្រោយ ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងលទ្ធផល 3-1 បន្ទាប់ពីស្មើ 1-1 ក្នុង 120 នាទី។ គួរកត់សម្គាល់ថា ក្រូអាតបានឆ្លងចូលម៉ោងបន្ថែម 5 ដងក្នុងចំណោម 6 ប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួត World Cup ចាប់តាំងពីឆ្នាំ 2018 លើកលែងតែការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយបារាំង។

ក្នុងនោះក្រូអាតយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីទៅលើក្រុមដាណឺម៉ាក ក្នុងវគ្គ 16 ក្រុមចុងក្រោយនៅ World Cup 2018, ក្រុមរុស្ស៊ី នៅវគ្គ 8 ក្រុមចុងក្រោយ World Cup 2018 និងជប៉ុន នៅវគ្គ 16 ក្រុមចុងក្រោយ World Cup 2022 កាលពីពេលថ្មីៗនេះ។ ពួកគេបានទម្លាក់អង់គ្លេស នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2018 នៅក្នុងម៉ោងបន្ថែម 15 នាទីពីរដង ដោយស៊ុតបន្ថែម 1 គ្រាប់។ ដូច្នេះ វាជាកំណត់ត្រាដ៏ល្អមួយ នៅពេលជួបប្រេស៊ីលយប់នេះ។

សម្រាប់ប្រេស៊ីល ពួកគេបានយកឈ្នះលើកូរ៉េខាងត្បូងក្នុងវគ្គ 16 ក្រុមចុងក្រោយ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុងវគ្គទី 1 ក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះ 4-1 របស់ពួកគេ។ ពួកគេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត World Cup តែម្តងគត់ ចាប់តាំងពីឆ្នាំ 2002 ។ ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ ប្រេស៊ីលធ្វើបានល្អបំផុតកាលពីឆ្នាំ 2014 ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ 4 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង