ហុល្លង់ នឹងត្រូវប្រកួតជាមួយអាហ្សង់ទីន នៅក្នុងវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Lusail ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2014 គឺជាជំនួបចុងក្រោយបំផុតរវាងក្រុមទាំងពីរ។ អាហ្សង់ទីន បានយកឈ្នះក្នុងលទ្ធផល 4-2 ក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់ក្នុងរយៈពេល 120នាទី។ Lionel Messi គឺជាអ្នកស៊ុតប៉េណាល់ទីគ្រាប់ដំបូងសម្រាប់អាហ្សង់ទីន ខណៈអ្នកចាំទី Sergio Romero បានជួយសង្គ្រោះការទាត់របស់ Ron Vlaar និង Wesley Sneijder របស់ហុល្លង់។
ហុល្លង់ បានយកឈ្នះអាមេរិក ក្នុងលទ្ធផល 3-1 ដើម្បីកក់កៅអីវគ្គ 8 ក្រុមចុងក្រោយ World Cup 2022 ខណៈអាហ្សង់ទីន ដែលជាជើងឯកពានរង្វាន់ Copa America បានបំបាក់អូស្ត្រាលី 2-1 កាលពីវគ្គមុន។
ហុល្លង់ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំ 2010 និង 2014 ។ ចំណែក ក្នុងឆ្នាំ 2014 ដែលអាហ្សង់ទីន បានយកឈ្នះហុល្លង់ ក្រុមអាមេរិកឡាទីនបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែបានបញ្ចប់ក្នុងនាមជាក្រុមជើងឯករង។
ក្នុងការជួបគ្នា 3 លើកចុងក្រោយ អាហ្សង់ទីន និងហុល្លង់ តែងតែស្មើគ្នាដោយគ្មានគ្រាប់បាល់ ដោយរាប់បញ្ចូលទាំងការប៉ះគ្នា 2 លើកចុងក្រោយនៅ World Cup ផងដែរ៕