ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក នឹងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នៅវគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់នេះតទៅ។
ម៉ារ៉ុក បានយកឈ្នះអេស្ប៉ាញ ដោយបាល់ប៉េណាល់ទី ដោយលទ្ធផល 3-0 បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់ក្នុងរយៈពេល 120 នាទី ចំណែកឯព័រទុយហ្គាល់ បានបំបាក់ក្រុមស្វីសយ៉ាងចាស់ដៃ ក្នុងលទ្ធផល 6-1 កាលពីវគ្គ 16 ក្រុមចុងក្រោយ។
ក្រុម ទាំង ពីរ បានជួបគ្នា 2 ដង ក្នុង ការ ប្រកួត World Cup ឆ្នាំ 1986 និង 2018។ ម៉ារ៉ុក បានយកឈ្នះក្នុងពូល 3-1 លើក្រុមព័រទុយហ្គាល់ ក្នុងវគ្គចែកពូល ហើយព័រទុយហ្គាល់បានរង់ចាំរយៈពេល 32 ឆ្នាំដើម្បីសងសឹក ដោយយកឈ្នះក្នុងលទ្ធផល 1-0 នៅប្រទេសរុស្ស៊ីកាលពី 4 ឆ្នាំមុន។
ដោយឡែកសម្រាប់ការប្រកួតចុងក្រោយនៃវគ្គ 8 ក្រុមរវាងអង់គ្លេស ជាមួយបារាំង នឹងធ្វើឡើងនៅកីឡដ្ឋាន Al Bayt ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ។
អង់គ្លេស បានលត់ក្រុមសេណេហ្គាល់ ក្នុងលទ្ធផល 3-0 កាលពីវគ្គ 16 ក្រុមចុងក្រោយ ខណៈបារាំង បានយកឈ្នះទៅលើប៉ូឡូញក្នុងលទ្ធផល 3-1 ។
ក្នុងការជួបគ្នា 2 លើកចុងក្រោយនៅ World Cup ឆ្នាំ 1966 និង 1982 អង់គ្លេសបានយកឈ្នះបារាំងទាំងពីរលើក។ ប៉ុន្តែក្រុមតោកំណាច បានយកឈ្នះក្រុមការពារតំណែងជើងឯក World Cup 2018 តែ 1 ដងគត់ក្នុងការជួបគ្នា 8 លើកចុងក្រោយនៅក្នុងកម្មវិធីប្រកួតផ្សេងៗ៕