ក្រូអាត ដែលជាក្រុមជើងឯករងកាលពីឆ្នាំ 2018 នឹងត្រូវតតាំងជាមួយអាហ្សង់ទីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ស្របពេលដែលកីឡាកររបស់ក្រូអាត បានបង្ហាញពីការប្តេជ្ញារបស់ក្រូអាតនៅក្នុងការបញ្ឈប់ Messi និងអាហ្សង់ទីន ក្នុងការឈានរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។
ខ្សែការពារក្រូអាត Josip Juranovic បាននិយាយថា៖ “ខ្ញុំគិតថាយើងមិនត្រូវខ្លាចគូប្រកួតណាមួយនោះទេ។ ពួកយើងត្រូវលេងឱ្យបានល្អបំផុត”។ “អាថ៌កំបាំងនៃភាពជោគជ័យគឺការរួបរួមរបស់ក្រុមរបស់ពួកយើង។ ពួកយើងប្រៀបបានទៅនឹងគ្រួសារតែមួយ”។
ចំណែកខ្សែប្រយុទ្ធក្រូអាត Bruno Petkovic បានបន្តថា៖ “យើងមិនទាន់មានផែនការជាក់លាក់នៅឡើយទេ ហើយមិនទាន់មានសម្រាប់ការបញ្ឈប់ Lionel Messi ឡើយ”។ “ជាធម្មតា យើងមិនផ្តោតលើការបញ្ឈប់កីឡាករតែម្នាក់ទេ គឺបញ្ឈប់ក្រុមទាំងមូល”។ “ពួកយើងមិនអាចបិទតែកីឡាករម្នាក់បានឡើយ ឬប្រើប្រាស់តាក់ទិចស្រដៀងគ្នានោះទេ។ អាហ្សង់ទីន មិនមែនមានតែ Messi ម្នាក់ឡើយ”។
Messi បានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់អាហ្សង់ទីន នៅក្នុងព្រឹត្តិការណ៍ FIFA World Cup លើកនេះ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុង 5 ប្រកួត។ គាត់ក៏បានបញ្ជូនបាល់យ៉ាងល្អឱ្យ Nahuel Molina ដើម្បីសម្រេចទីរបស់ហុល្លង់ ក្នុងវគ្គ 8 ក្រុមចុងក្រោយកន្លងទៅផងដែរ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងអាហ្សង់ទីន ជាមួយក្រូអាត នឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី 13 ឈានចូលថ្ងៃទី 14 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ៕