បាល់ប្រើប្រាស់សម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ត្រូវបានបង្ហាញជាផ្លូវការ។ បាល់នេះមានឈ្មោះថា “Al Hilm” មានន័យថា “សុបិន”។
វានឹងត្រូវប្រើប្រាស់ជំនួសបាល់ “Al Rihla” ដែលមានន័យថា “ដំណើរផ្សងព្រេង”។ បាល់ Al Hilm បានបំពាក់សិនស័រ និងបច្ចេកវិទ្យា “Connected Ball” ដើម្បីជួយសម្រួលដល់មន្ត្រីនៅលើទីលានប្រកួតនៅក្នុងការសម្រេចចិត្តផ្សេងៗ។
បច្ចេកវិទ្យាសិនស័រនេះ ក៏បានរួមចំណែកក្នុងការកាត់សេចក្ដីសម្រាប់គ្រាប់បាល់ដ៏ចម្រូងចម្រាស ដែលបានប៉ះសរសៃសក់របស់ Cristiano Ronaldo ក្នុងការប្រកួតទល់នឹងអ៊ុយរុយហ្គាយ ដោយសិនស័របង្ហាញថា គ្រាប់បាល់របស់ Bruno Fernandes មិនបានប៉ះក្បាលរបស់ Ronaldo ទេ។
សូមជម្រាបថា ក្រុមអាហ្សង់ទីន នឹងជួបជាមួយក្រុមក្រូអាត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅយប់ថ្ងៃទី 13 ឈានចូលថ្ងៃទី 14 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។ បន្ទាប់មក បារាំង នឹងប៉ះម៉ារ៉ុក ដែល CTN, MyTV និង CNC នឹងផ្សាយបន្តផ្ទាល់នៅយប់ថ្ងៃទី 14 ឈានចូលថ្ងៃទី 15 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ៕