×

Mbappe Vs Hakimi៖ មិត្តល្អប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup

Kylian Mbappe នឹងប៉ះជាមួយ Achraf Hakimi នៅក្នុងការប្រកួតដែលមិនអាចបន្ធូរដៃឱ្យគ្នាបាននោះទេ ស្របពេលដែលកីឡាកររបស់ក្លិប Paris Saint-Germain ទាំងពីររូប នឹងតំណាងឱ្យប្រទេសរៀងៗខ្លួន នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

កាលពីសប្តាហ៍មុន Mbappe បានទៅរាក់ទាក់ជាមួយ Hakimi ដែលជាមិត្តល្អនឹងគ្នា នៅសណ្ឋាគារដែលក្រុមជម្រើសជាតិម៉ារ៉ុក កំពុងស្នាក់នៅ នៅកណ្តាលទីក្រុង ដូហា។ ប៉ុន្តែនៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ម្នាក់ដែលជាខ្សែប្រយុទ្ធស្លាបឆ្វេង និងម្នាក់ដែលជាខ្សែការពារស្លាបស្ដាំ នឹងជួបគ្នាក្នុងនាមជាគូប្រជែងដ៏ស្វិតស្វាញ។ Mbappe ធ្លាប់សរសើរ Hakimi ដូច្នេះថា៖ “ Achraf Hakimi ជាខ្សែការពារស្លាបស្ដាំល្អបំផុតក្នុងពិភពលោក”។

ការប៉ះគ្នារវាង Mbappe និង Hakimi គឺជាការជួបគ្នារវាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup ដែលកំពុងមាន5គ្រាប់ក្នុង5ប្រកួត ទល់នឹងកីឡាករដ៏លេចធ្លោម្នាក់របស់ក្រុមម៉ារ៉ុកដែលរបូតតែ 1 គ្រាប់ប៉ុណ្ណោះ។

Hakimi បានចូលរួមជាមួយ PSG កាលពីខែកក្កដាឆ្នាំមុនពី Inter Milan ក្នុងតម្លៃ 60 លានអឺរ៉ូ។ កីឡាករម៉ារ៉ុកធ្លាប់និយាយថា គាត់និង Mbappe ចូលចិត្តស្ដាប់តន្ត្រី និងលេងហ្គេមដូចគ្នា ហើយថា Mbappe បានបង្រៀនមិត្តរបស់ខ្លួនដែលកើតនៅទីក្រុង Madrid ឱ្យចេះនិយាយភាសាបារាំង។ អ្នកទាំងពីរ ត្រូវបានរាយការណ៍ថា ធ្លាប់បានចំណាយពេលលក្ខណៈឯកជនអំឡុងពេលវិសម្សកាលថែមទៀតផង។

សូមជម្រាបថា បារាំងនឹងប៉ះម៉ារ៉ុក នៅយប់ថ្ងៃទី 14 ឈានចូលថ្ងៃទី 15 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង