×

Messi អាចនឹងបំបែកកំណត់ត្រាចំនួន3ក្នុងការប្រកួតរវាងអាហ្សង់ទីនជាមួយក្រូអាត

Lionel Messi ត្រៀមបំបែកកំណត់ត្រាមួយចំនួននៅក្នុងការប្រកួតរវាងអាហ្សង់ទីនជាមួយក្រូអាត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Lusail ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ។

Messi បានតាមស្មើកំណត់ត្រារបស់កីឡាករ Gabriel Batistuta ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតសម្រាប់អាហ្សង់ទីនក្នុងប្រវត្តិសាស្រ្ត FIFA World Cup (10គ្រាប់)។ ប្រសិនបើ Messi ស៊ុតបញ្ចូលទីក្នុងការជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រូអាត កីឡាករវ័យ 35 ឆ្នាំនឹងបំបែកកំណត់ត្រាដ៏យូរអង្វែងរបស់ Batistuta ។

Messi ស្មើជាមួយ Miroslav Klose ដែលបង្ហាញខ្លួន 24 លើក គឺជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេទីពីរក្នុងប្រវត្តិសាស្ត្រ FIFA World Cup ។ ប្រធានក្រុមអាហ្សង់ទីន នឹងបំបែកកំណត់ត្រាខ្សែប្រយុទ្ធអាល្លឺម៉ង់ ក្នុងការបង្ហាញខ្លួនលើកទី 25 របស់គាត់សម្រាប់ក្រុមពពកស ក្នុងព្រឹត្តិការណ៍ FIFA World Cup យប់នេះ។ Messi នឹងស្មើជាមួយកីឡាករ Lothar Matthaus របស់អាល្លឺម៉ង់ ដែលបានលេងច្រើនប្រកួតបំផុតនៅ World Cup ។

ប្រធានក្រុមអាហ្សង់ទីន បានចំណាយពេល 2,104 នាទីលើទីលានប្រកួត នៅ FIFA World Cup ។ ប្រសិនបើការប្រកួតរបស់អាហ្សង់ទីនជាមួយក្រូអាតត្រូវឈានដល់ម៉ោងបន្ថែម 15 នាទីពីរដង Messi នឹងបំបែកកំណត់ត្រាពិភពលោករបស់ខ្សែការពារអ៊ីតាលី Paolo Maldini ដែលកាន់កំណត់ត្រា 2,217 នាទី។ Messi ត្រូវការឈ្នះ 2 ប្រកួតទៀត ដើម្បីតាមស្មើកំណត់ត្រារបស់ Klose ដែលបានឈ្នះ 17 ប្រកួតជាមួយក្រុមជម្រើសជាតិនៅ World Cup ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង