កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានបង្ហាញថា គាត់សក្តិសមនឹងទទួលបានពានរង្វាន់បាល់មាស ក្នុងនាមជាកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់ពីជួយជ្រោមជ្រែងឱ្យក្រុមរបស់គាត់ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ជាលើកទី 6 ក្នុងជ័យជម្នះ 3-0 លើក្រូអាត។
Messi បានស៊ុតបាល់ប៉េណាល់ទី ដើម្បីបើកការនាំមុខក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឥឡូវនេះគាត់មានគ្រាប់បាល់ 5 គ្រាប់ស្មើជាមួយ Kylian Mbappe របស់បារាំង ដែលនឹងត្រូវជួបម៉ារ៉ុក នៅក្នុងការប្រកួតមួយផ្សេងទៀតនៃវគ្គ ½ ផ្ដាច់ព្រ័ត្រ។
លើសពីនេះ Messi អូសបាល់និងបញ្ជូនយ៉ាងល្អសម្រាប់ Julian Alvarez ដែលជាអ្នកទាត់គ្រាប់ទី 3 កាលពីយប់មិញ។ គាត់បានរួមចំណែកជាច្រើនសម្រាប់អាហ្សង់ទីនក្នុងការឈានមកដល់ដំណាក់កាលនេះ ដែលសក្តិសមសម្រាប់ការឈ្នះពានរង្វាន់បាល់មាស ក្នុងនាមជា MVP (Most Valuable Player)។
ទោះជាយ៉ាងណា គេត្រូវរង់ចាំមើលទម្រង់របស់ Mbappe សម្រាប់ការប្រកួតដែលនៅសល់របស់បារាំង។ បើខ្សែប្រយុទ្ធរបស់ក្លិប Paris Saint Germain រូបនេះ អាចជួយបារាំងឈានទៅវគ្គផ្ដាច់ព្រ័ត្រ ឬឈ្នះពានរង្វាន់ World Cup នៅប្រទេសកាតា វានឹងធ្វើឱ្យការប្រកួតប្រជែងពានរង្វាន់បាល់មាសកាន់តែជក់ចិត្តបន្ថែមទៀត៕