ម៉ារ៉ុក នឹងប្រកួតជាមួយក្រុមការពារតំណែងជើងឯកបារាំង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Al Bayt ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ។
ម៉ារ៉ុកបានយកឈ្នះព័រទុយហ្គាល់ 1-0 ដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈបារាំង បានយកឈ្នះអង់គ្លេស ដោយលទ្ធផល 2-1 ។ ពួកគេបានយកឈ្នះបែលហ្ស៊ិក អេស្ប៉ាញ និងព័រទុយហ្គាល់។
គ្រាប់បាល់ Own Goal របស់ Aguerd ទល់នឹងកាណាដា គឺជាការរបូតគ្រាប់បាល់តែ 1 គ្រាប់គត់របស់អ្នកចាំទី Yassine Bounou ធ្វើឱ្យកូនក្រុមរបស់លោក Walid Regragui មាន Clean Sheet ចំនួន 4 ដង ខណៈម៉ារ៉ុកត្រូវការ Clean Sheet តែ 1 លើកទៀត នឹងអាចតាមស្មើកំណត់ត្រារបស់ អ៊ីតាលីកាលពីឆ្នាំ 2006 និងអេស្ប៉ាញកាលពីឆ្នាំ 2010 ដែលរក្សា Clean Sheet បាន 5 ដងក្នុងព្រឹត្តិការណ៍ World Cup មួយ។
បារាំងអាចនឹងតាមស្មើកំណត់ត្រារបស់អ៊ីតាលី ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ចំនួន 2 លើកជាប់ៗគ្នា ក្នុងនាមជាក្រុមការពារតំណែងជើងឯក ក្នុងរយះពេល 84ឆ្នាំ។
បារាំង មិនទាន់មាន Clean Sheet នៅក្នុងព្រឹត្តិការណ៍ World Cup 2022 នៅឡើយទេ បន្ទាប់ពីរបូតគ្រាប់បាល់ 1 គ្រាប់ពេលប៉ះអង់គ្លេសនៅវគ្គ 8 ក្រុមចុងក្រោយកន្លងទៅថ្មីៗនេះ៕