Lionel Messi របស់អាហ្សង់ទីន និង Kylian Mbappe របស់បារាំង សុទ្ធតែបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ដូចគ្នា នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 គិតមកទល់ពេលនេះ។
នៅពីក្រោយពួកគេ មានដូចជា Julian Alvarez របស់អាហ្សង់ទីន និង Olivier Giroud របស់បារាំង ដែលស៊ុតបញ្ចូលទីម្នាក់ 4 គ្រាប់។ អាហ្សង់ទីន និងបារាំង នឹងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីតទៅ។
ប្រសិនបើ Messi និង Mbappe ឬកីឡាករផ្សេងទៀតដែលមានគ្រាប់បាល់ស្មើជាមួយកីឡាករទាំងពីរ គេនឹងពិនិត្យលើចំនួន Assist ។ បច្ចុប្បន្ន Messi មានប្រៀបជាង Mbappe ដោយ Messi មាន 3 ដង ខណៈ Mbappe មាន 2 ដង។
បើសិនជា Assist ស្មើគ្នា គេនឹងពិនិត្យលើនាទីដែលបានលេងតិចជាងគេ។ Mbappe មានប្រៀបខ្លាំងជាង Messi (477 នាទីទល់នឹង 570នាទី)។ Mbappe មិនត្រូវបានដាក់ឱ្យលេងក្នុងការប្រកួតចុងក្រោយក្នុងពូល D របស់បារាំង ដែលចាញ់ទុយណេស៊ី 1-0 ។
Alvarez និង Giroud មិនទាន់មាន Assist នៅឡើយទេ ប៉ុន្តែកីឡាករទាំងពីរនៅតែអាចឈ្នះពានរង្វាន់ស្បែកជើងមាស បើអាចបន្ថែមគ្រាប់បាល់របស់ពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ៕