សេចក្ដីរាយការណ៍នៅប្រទេសអេស្ប៉ាញបានឱ្យដឹងថា ក្លិបអធិរាជស Real Madrid បានបើកភ្លើងខៀវសម្រាប់ខ្សែប្រយុទ្ធ Karim Benzema ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកាតា មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup 2022 រវាងបារាំងជាមួយអាហ្សង់ទីន នៅកីឡដ្ឋាន Lusail ។
Benzema បានដកខ្លួនចេញពីជំរំហ្វឹកហាត់របស់បារាំង មុនព្រឹត្តិការណ៍ចាប់ផ្ដើមដោយសាររបួសភ្លៅ ប៉ុន្តែឈ្មោះរបស់ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះ មិនទាន់ត្រូវបានដកចេញពីបញ្ជីឈ្មោះ 26 នាក់ចុងក្រោយរបស់ក្រុមមាន់គកនៅឡើយទេ។ ជាក់ស្ដែង លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង មិនបានជ្រើសរើសកីឡាករថ្មីមកជំនួសកន្លែងរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ឡើយ។
គ្រូបង្វឹករូបនេះ បានបដិសេធឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញការវិលត្រឡប់របស់ Benzema បន្ទាប់ពីបារាំងបានយកឈ្នះទៅលើម៉ារ៉ុក ក្នុងលទ្ធផល 2-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ទោះចូលរួមឬមិនមិនចូលរួម ក៏កីឡាកររបស់ Real Madrid នឹងទទួលបានមេដាយមាស ឬមេដាយប្រាក់មួយគ្រឿង ប្រសិនបើបារាំងឈ្នះឬចាញ់អាហ្សង់ទីន នៅក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី 18 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ៕