×

ប្រធានពិធីបើកកីឡាអូឡាំពិក ត្រូវបណ្ដេញចេញពីតំណែង

តូក្យូ៖ នៅមុន១ថ្ងៃនៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ គណៈកម្មការរៀបចំអូឡាំពិកជប៉ុន បានបណ្តេញប្រធានទទួលបន្ទុកលើការរៀបចំពិធីបើកអូឡាំពិក ទាក់ទងនឹងការលេងសើចដែលលោកបាននិយាយប៉ះពាល់ដល់ជនជាតិជ្វីសដែលបាត់បង់ជីវិតអំឡុងសង្គ្រាម។

អ្នករៀបចំអូឡាំពិកទីក្រុងតូក្យូ បានបណ្តេញលោក Kentaro Kobayashi នៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញរឿងកំប្លែងដែលគាត់បាននិយាយពីការសម្លាប់រង្គាលលើជនជាតិជ្វីស ដែលគាត់បានសម្ដែងកាលពីទសវត្សរ៍ឆ្នាំ១៩៩០។ ដោយថ្មីៗនេះ វីដេអូនេះ បានលេចចេញជាថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

អង្គការសិទ្ធិមនុស្សជនជាតិជ្វីសអន្តរជាតិ The Simon Wiesenthal Center បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា លោក Kobayashi បាន “ប្រមាថដល់ការចងចាំ” នៃប្រជាជនជ្វីសចំនួន ៦ លាននាក់ដែលបានស្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kobayashi បានធ្វើការសុំទោសចំពោះការអត្ថាធិប្បាយរបស់គាត់ផងដែរ។

 

គួររំឭកថា កាលពីដើមឆ្នាំនេះ ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានលាលែងពីតំណែង បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយប្រមាថអំពីតារាស្រីជប៉ុនដែលមានប្រជាប្រិយភាពមួយរូប៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង