×

មកស្គាល់អាជ្ញាកណ្ដាលការប្រកួតរវាងអាហ្សង់ទីនជាមួយបារាំង វគ្គផ្ដាច់ព្រ័ត្រWorld Cup

លោក Szymon Marciniak ជនជាតិប៉ូឡូញ គឺជាអាជ្ញាកណ្តាលដែលនឹងដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup Qatar 2022 រវាងអាហ្សង់ទីនជាមួយបារាំង ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅថ្ងៃអាទិត្យ ទី18 ខែធ្នូ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។

កើតនៅថ្ងៃទី 7 ខែមករាឆ្នាំ1981 បុរសវ័យ 41 ឆ្នាំរូបនេះបានក្លាយជាមន្ត្រី FIFA ក្នុងឆ្នាំ 2013 បន្ទាប់ពីចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្របខណ្ឌលីគកំពូលរបស់ប៉ូឡូញក្នុងឆ្នាំ 2009 ។

លោក Marciniak បានដឹកនាំការប្រកួតវគ្គចែកពូលរវាងបារាំងជាមួយដាណឺម៉ាក ក៏ដូចជាការប្រកួតវគ្គ 16 ក្រុមចុងក្រោយរវាងអាហ្សង់ទីន និងអូស្ត្រាលី។ គាត់បានផ្តល់កាតលឿងចំនួន 5 គ្មានកាតក្រហម និងគ្មានការពិន័យប៉េណាល់ទី ក្នុងការប្រកួតទាំងពីរ។

ប្រធានអាជ្ញាកណ្តាលរបស់ FIFA លោក Pierluigi Collina បានជ្រើសរើសគាត់ដោយផ្ទាល់ដៃ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកាតា។ ជំនួយការខ្សែបន្ទាត់របស់គាត់គឺលោក Pawel Sokolnicki និង Tomasz Listkiewicz ដែលមានសញ្ជាតិប៉ូឡូញ។ មន្ត្រីទី4 គឺលោក Ismail Elfath របស់សហរដ្ឋអាមេរិក។ ចំណែក VAR ដឹកនាំដោយលោក Tomasz Kwiatkowski សញ្ជាតិប៉ូឡូញ។

លោក Marciniak បានដឹកនាំការប្រកួតក្របខណ្ឌ Champions League រវាង Barcelona និង Inter Milan ដែលបញ្ចប់ក្នុងលទ្ធផល 3-3 នៅកីឡដ្ឋាន Camp Nou និងការបរាជ័យ 2-1 របស់ Atletico Madrid ទល់នឹង Porto ។ គាត់ក៏បានដឹកនាំការប្រកួត Super Cup រវាងក្រុម Real Madrid ជាមួយ Atletico Madrid ក្នុងឆ្នាំ 2018 និងបានដឹកនាំការប្រកួតចំនួន 2 ក្នុងការប្រកួត FIFA World Cup 2018 ដែលគាត់បានបណ្តេញកីឡាករ Jerome Boateng របស់អាល្លឺម៉ង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង