×

កីឡាករអាហ្សង់ទីន ត្រូវបានជម្លៀសចេញពីក្បួនដង្ហែពានរង្វាន់World Cup ដោយឧទ្ធម្ភាគចក្រ

ក្រុមម្ចាស់ពានរង្វាន់ World Cup បានបោះបង់ចោលការដង្ហែក្បួនរថយន្តក្រុងបើកដំបូលក្នុងទីក្រុង Buenos Aires និងបានជិះឧទ្ធម្ភាគចក្រមួយគ្រឿងនៅពីលើអ្នកគាំទ្ររាប់លាននាក់ដែលចូលរួមការអបអរនៅតាមដងផ្លូវ។

ក្បួនដង្ហែពានរង្វាន់ World Cup នៅរដ្ឋធានីរបស់អាហ្សង់ទីន ចាប់ផ្តើមធ្វើដំណើររយៈពេល 8 ម៉ោង តាមការគ្រោងទុក។ ប៉ុន្តែ មនុស្សកកកុញ បានបង្កភាពច្របូកច្របល់ដែលពិបាកក្នុងការការពារសុវត្ថិភាពរបស់ក្បួនរថយន្ត។

អ្នកនាំពាក្យប្រធានាធិបតីអាហ្សង់ទីន បានបង្ហោះនៅលើបណ្ដាញសង្គមថា៖ “វាមិនអាចទៅរួចទេក្នុងការបន្តក្បួននៅលើដី ដោយសារតែការផ្ទុះឡើងនៃភាពសប្បាយរីករាយ”។

វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញអ្នកគាំទ្រលោតទៅលើដំបូលរថយន្តក្រុងដែលដឹកកីឡាករ នៅពេលរថយន្តក្រុងបានឆ្លងកាត់ក្រោមស្ពានអាកាសមួយ។

រដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសផ្ដល់ថ្ងៃឈប់សម្រាកមួយថ្ងៃ ចំថ្ងៃអង្គារ ក្រោយអាហ្សង់ទីន បានយកឈ្នះបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ។ យោងតាមការប៉ាន់ស្មាន មានមនុស្សប្រហែល 4 លាននាក់បានប្រមូលផ្ដុំតាមដងផ្លូវនៃទីក្រុង Buenos Aires ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង