សហព័ន្ធកីឡាបាល់ទាត់បារាំង បានថ្កោលទោសចំពោះការរើសអើងជាតិសាសន៍តាមប្រព័ន្ធអ៊ីនធឺណិតទៅលើកីឡាកររបស់ខ្លួន ហើយបានសន្យាថានឹងចាត់វិធានការ ខណៈក្រុមនេះបានចាញ់ក្រុមអាហ្សង់ទីនដោយបាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីថ្ងៃអាទិត្យ នៅប្រទេសកាតា។
BBC បានរាយការណ៍ថា ខ្សែប្រយុទ្ធបារាំង Kingsley Coman និងខ្សែបម្រើ Aurelien Tchouameni បានទទួលការរើសអើងតាមអ៊ីនធឺណិត បន្ទាប់ពីស៊ុតប៉េណាល់ទីមិនចូល។
អ្នកចាំទី Emiliano Martinez របស់អាហ្សង់ទីនបានសង្គ្រោះការទាត់របស់ Coman ខណៈ Tchouameni បានស៊ុតខុសទី ដែលធ្វើឱ្យបារាំងមិនអាចការពារតំណែងជើងឯកក្នុងឆ្នាំ 2018 បានឡើយ។
សហព័ន្ធបាល់ទាត់បារាំងបានចេញសេចក្ដីថ្លែងការណ៍នៅលើ Twitter ថា៖ “បន្ទាប់ពីការប្រកួត វគ្គផ្តាច់ព្រ័ត្រ World Cup កីឡាករជាច្រើននៃក្រុមជម្រើសជាតិបារាំងបានទទួលរងនូវការរើសអើងពណ៌សម្បុរ និងការស្អប់ខ្ពើមដែលមិនអាចទទួលយកបាននៅលើបណ្តាញសង្គម ។ FFF សូមថ្កោលទោសពួកគេ ហើយនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងពួកគេ៕”