Emiliano Martinez អ្នកចាំទីរបស់ក្រុមអាហ្សង់ទីន អាចប្រឈមនឹងវិធានការវិន័យ បន្ទាប់ពីលោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងដាក់ពាក្យបណ្តឹងជាផ្លូវការទៅសហព័ន្ធបាល់ទាត់អាហ្សង់ទីន ជុំវិញការចំអកទៅលើខ្សែប្រយុទ្ធបារាំង Kylian Mbappe ដែលជាម្ចាស់ស្បែកជើងមាស World Cup ។
លោក Le Graet បាននិយាយថា គាត់បានទាក់ទងទៅភាគីអាហ្សង់ទីន លោក Claudio Tapia ។ គាត់បាននិយាយថា៖ “ខ្ញុំបានជូនលិខិតទៅសមភាគីនៃសហព័ន្ធអាហ្សង់ទីន ខ្ញុំយល់ឃើញថា វាជ្រុលពេកហើយ វាមិនធម្មតាទេនៅក្នុងបរិបទនៃការប្រកួតកីឡា ហើយខ្ញុំពិតជាមិនយល់។ ទង្វើនេះលើសពេកហើយ។”
Martinez បានចំអកឱ្យតារាបារាំង Mbappe ក្នុងអំឡុងពេលនៃការប្រារព្ធពិធីអបអរជ័យជម្នះរបស់ពួកគេនៅទីក្រុង Buenos Aires នៅពេលដែលក្រុមបាល់ទាត់អាហ្សង់ទីន បានជិះនៅលើក្បួនដង្ហែពានរង្វាន់ World Cup ។ អ្នកចាំទីរូបនេះ បានកាន់រូបតុក្កតាដែលមានបិតរូបមុខរបស់ Mbappe ៕