វីរបុរសប្រេស៊ីល Pele បានទទួលមរណភាពក្នុងអាយុ 82 ឆ្នាំ។ គាត់ត្រូវបានគេចាត់ទុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត។ គាត់បានស៊ុតបាល់បញ្ចូលទីចំនួន 1,281 គ្រាប់ក្នុង 1,363 ប្រកួតដែលជាកំណត់ត្រាពិភពលោក និងបានបង្ហាញពីភាពអស្ចារ្យរបស់គាត់ក្នុងអាជីព ចាប់ពីពេលគាត់នៅវ័យជំទង់ជាមួយក្លិបបាល់ទាត់ Santos រហូតដល់ការបញ្ចប់អាជីពនៅក្លិបបាល់ទាត់ New York Cosmos ។
Pele បានចាប់ផ្តើមលេងបាល់តាំងពីក្មេងនៅក្រុម Bauru FC ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ក្រោមការដឹកនាំរបស់អតីតកីឡាករប្រេស៊ីល Waldemar de Brito ។ ក្លិបធំៗក៏បានចាប់អារម្មណ៍យុវជនដែលមានទេពកោសល្យរូបនេះ តែ Pele បានជ្រើសរើសចូលរួមជាមួយក្លិប Santos ។
មិនយូរប៉ុន្មាន គាត់បានបង្ហាញខ្លួនជាលើកដំបូង នៅពេលដែលមានអាយុ 15 ឆ្នាំ នៅថ្ងៃទី 7 ខែកញ្ញាឆ្នាំ 1956 ដោយបានស៊ុតបញ្ចូលទីគ្រាប់ដំបូងក្នុងចំណោមគ្រាប់បាល់ច្រើនជាង 1,000 គ្រាប់ក្នុងអាជីពរបស់គាត់ ក្នុងជ័យជម្នះ 7-1 លើក្រុម Corinthians Santo Andre ។
Pele បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកស្នេហាកីឡាបាល់ទាត់ជុំវិញពិភពលោកកាលពីអាយុ 17 ឆ្នាំ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីពីរគ្រាប់ ខណៈក្រុមជម្រើសជាតិប្រេស៊ីលបានផ្តួលស៊ុយអែត 5-2 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 1958 ប៉ុន្តែនៅឆ្នាំ 1970 គឺជាឆ្នាំដែលគាត់បង្ហាញឱ្យពិភពលោកកាន់តែឃើញច្បាស់ ក្នុងជ័យជម្នះ 4-1 លើក្រុមអ៊ីតាលីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅកីឡដ្ឋាន Aztec ប្រទេសម៉ិកស៊ិក។
ការឈ្នះពាន World Cup ឆ្នាំ 1970 របស់ប្រេស៊ីល គឺជាចំណុចកំពូលនៃអាជីពរបស់ Pele ។ រូបភាពរបស់ Pele កំពុងដោះអាវ និងត្រូវបានលើកឡើងដោយមិត្តរួមក្រុមនិងអ្នកគាំទ្រ ត្រូវបានដក់ជាប់ក្នុងការចងចាំ រួមជាមួយនឹងរូបភាពដ៏ល្បីនៃការឱបជាមួយប្រធានក្រុមអង់គ្លេស Bobby Moore ដែលជាកាយវិការដែលពោរពេញទៅដោយការគោរពគ្នាទៅវិញទៅមក បន្ទាប់ពីជ័យជម្នះ 1-0 ក្នុងវគ្គចែកពូលរបស់ប្រេស៊ីល។
នៅពេលដែលក្របខណ្ឌ Soccer League ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក Pele បានក្លាយជាគោលដៅដែលមិនអាចជៀសរួច។ Pele បានធ្វើដំណើរទៅកាន់អាមេរិកក្នុងឆ្នាំ 1975 ដែលជាកន្លែងដែលគាត់បានបញ្ចប់អាជីពនៅក្លិប New York Cosmos ។ គាត់បានចូលនិវត្តន៍បន្ទាប់ពីការប្រកួតរវាង Cosmos ទល់នឹងក្រុម Santos នៅកីឡដ្ឋាន New York’s Giants ក្នុងខែតុលា ឆ្នាំ 1977 បន្ទាប់ពីគាត់បានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ក្នុងរដូវកាលទី 3 និងចុងក្រោយរបស់គាត់។
Pele គឺជាកំពូលតារាបាល់ទាត់ពិភពលោកដំបូងគេបង្អស់ ដែលកេរ្តិ៍ឈ្មោះរបស់គាត់បានល្បីសុះសាយទោះបញ្ចប់អាជីពក៏ដោយ។ ពេលឮឈ្មោះរបស់គាត់ គេស្រមៃដល់ក្រុមដ៏អស្ចារ្យរបស់ប្រេស៊ីល។
លោក Pele បានធ្វើដំណើរជុំវិញពិភពលោកក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់បាល់ទាត់។ គាត់បានទៅប្រទេសអង់គ្លេស ក្នុងខែមីនា ឆ្នាំ 2015 ក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយមួយ ដោយបានបង្ហាញខ្លួននៅលើទីលាននៃកីឡដ្ឋាន Anfield ក្នុងការប្រកួតរវាង Liverpool ទល់នឹង Manchester United ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រក្រុមទាំងពីរ។
គាត់បានបង្ហាញខ្លួននៅក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ឆ្នាំ 2012 មុនពេលប្រគល់សិទ្ធិទៅឱ្យម្ចាស់ផ្ទះបន្ទាប់ ដែលធ្វើនៅទីក្រុង Rio នៅឆ្នាំ 2016៕