អ្នកចាំទី David de Gea របស់ Manchester United បានបញ្ជាក់ថា គាត់សង្ឃឹមថានឹងអាចបន្តប្រកបអាជីពនៅក្លិបបិសាចក្រហម ហើយការពិភាក្សាលើកិច្ចសន្យាថ្មីរបស់គាត់ នឹងបញ្ចប់ដោយវិជ្ជមាន។
កុងត្រារបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ 32 ឆ្នាំដែលបានចូលរួមជាមួយ Man Utd កាលពីឆ្នាំ 2011 នឹងផុតសុពលភាពនៅខែមិថុនា ឆ្នាំ 2023 ។ រដូវកាលនេះ ក្រុមបិសាចក្រហម រក្សា Clean Sheet ចំនួន 8 ដងក្នុង 17 ប្រកួតនៃក្របខណ្ឌ Premier League ។
De Gea បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា [នឹងបន្តស្នាក់នៅទីនេះរហូតដល់បញ្ចប់អាជីពរបស់ខ្ញុំ]” ។ “ខ្ញុំចង់មានន័យថា នេះគឺជាក្លិបរបស់ខ្ញុំ ខ្ញុំបាននៅទីនេះជាច្រើនឆ្នាំមកហើយ វាជាកិត្តិយសដ៏ធំធេងដែលបានមកទីនេះ ហើយខ្ញុំរីករាយចំពោះការលេងនៅទីនេះ”។
De Gea ដែលបានបង្ហាញខ្លួនជាង 500 ប្រកួតឱ្យបិសាចក្រហម បាននិយាយថាគាត់មានសុទិដ្ឋិនិយមអំពីស្ថានភាពកិច្ចសន្យាថ្មីរបស់គាត់។
De Gea ត្រូវបានចុះហត្ថលេខាដោយលោក Sir Alex Ferguson ពី Atletico Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ 18.9 លានផោន។ ចាប់តាំងពីពេលនោះមក គាត់បានក្លាយជាអ្នកចាំទីដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក ដោយទទួលបាន 375,000 ផោនក្នុងមួយសប្តាហ៍ នៅពេលដែលកិច្ចសន្យារបស់គាត់ត្រូវបានបន្តកាលពីឆ្នាំ 2019។
ក្នុងអំឡុងពេល 11 ឆ្នាំកន្លះនៅក្លិប Man Utd De Gea បានរក្សា Clean Sheet បាន 138 ដងក្នុងការបង្ហាញខ្លួន 394 ប្រកួតនៅ Premier League និងឈ្នះស្រោមដៃមាសក្នុងរដូវកាល 2017-18 ។
បច្ចុប្បន្ន United កំពុងពិភាក្សាជាមួយអ្នកចាំទី Jack Butland របស់ Crystal Palace អំពីលទ្ធភាពសម្រាប់ការផ្ទេរអ្នកចាំទីមកធ្វើជាដៃទីពីរ៕