យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោទ្រង់ទ្រាយធំ ក្រោយស្ងប់ស្ងាត់កូវីដ១៩ ។ សម្ដេចបានមានប្រសាសន៍បែបនេះ បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រគល់-ទទួលសមិទ្ធផលដ៏អស្ចារ្យ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងពិធីប្រគល់-ទទួលសំណង់កីឡដ្ឋានប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្ដីរីករាយ ដែលបានចូលរួមជាមួយលោកទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាវិមានកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) នៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំឭកជាថ្មីថា កម្ពុជាបានខកខានរៀបចំការប្រកួតស៊ីហ្គេម និងបានសុំការយោគយល់ពីដៃគូ និងបណ្ដាប្រទេសក្នុងតំបន់ ក្នុងការប្រកួតព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ព្រោះកម្ពុជា មិនទាន់មានលទ្ធភាព និងត្រូវការថវិកាចាំបាច់ សម្រាប់កសាង និងអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្ដែក្រោយសម្ដេចចាប់ផ្ដើមទំនាក់ទំនងជាមួយដៃគូ ដែលជឿទុកចិត្តគ្នា ក្នុងក្របខណ្ឌនៃទំនាក់ទំនងយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពិសេសប្រធានាធិបតី ស៊ី ជីង ពីង ទើបទទួលបានសញ្ញានៃការផ្ដល់វិភាគទានសម្រាប់សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់បម្រើឱ្យការប្រកួតស៊ីហ្គេម ហើយកម្ពុជាក៏បានប្រកាសជាបេក្ខភាពសម្រាប់ការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ។
សម្ដេចបានសង្កត់ធ្ងន់ថា៖ “ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសាធារណរដ្ឋប្រជាមានិតចិនទេ យើងពិតជាមិនមាននូវពហុកីឡដ្ឋានមួយ ដែលថ្ងៃនេះ យើងធ្វើពិធីប្រគល់ និងទទួលជាមុនសិន។ ការបើកដំណើរការសម្ពោធដាក់ឱ្យប្រើប្រាស់ នឹងធ្វើនៅពេលក្រោយ ដែលមុននេះ ខ្ញុំគិតថា វាពុំមានកូវីដទេ ខ្ញុំដាក់មនុស្សគឺពេញស្ដាតតែម្ដង។ ប៉ុន្ដែឥលូវដោយសារការរក្សាគម្លាតក្នុងដំណាក់កាលកូវីដ ថ្ងៃនេះយើងជួបគ្នាតែត្រឹម ១ពាន់នាក់ ប៉ុន្ដែដល់ពេលសម្ពោធ យើងនឹងអាចដាក់មនុស្សបានច្រើនជាងនេះ ដើម្បីឲ្យប្រជាជនកម្ពុជាយើង មើលឃើញនូវសមិទ្ធផលទាំងឡាយ ដែលយើងសម្រេចបាននៃកិច្ចសហប្រតិបត្តិការផ្លែផ្កា រវាងកម្ពុជា និងចិន”។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ “ថ្ងៃនេះ យើងពិតជាមានមោទកភាព វាមិនមានគ្រាន់តែខ្ញុំ ដែលជាអ្នកផ្ដួចផ្ដើមគំនិត និងជាអ្នកទៅស្វះខ្វែងរកដៃ ជាពិសេសជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីង ពីង ប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាជាមោទកភាពរបស់ជាតិខ្មែរទាំងមូល ដែលទទួលបានជំនួយដ៏សប្បុរសពីមិត្តរបស់យើង។ យើងកសាង ដើម្បីជាតិយើងទាំងអស់គ្នា ដើម្បីសុខុមាលភាពរបស់ប្រជាជន ជាពិសេសយុវជន និងកុមាររបស់យើង”។
“វាមិនមែនជាការចៃដន្យនោះទេ ដែលបានកើតឡើងនូវសមិទ្ធផលថ្ងៃនេះ ក្នុងតម្លៃ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារ ហើយសមិទ្ធផលនេះ គ្មានអ្នកណាអាច សូម្បីតែខ្លួនខ្ញុំ ឆ្នាំ២០០០ ហើយ ក៏ខ្ញុំមិននឹកស្មានមានសមិទ្ធផលបែបនេះនោះទេ។ ប៉ុន្ដែក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃនេះយើងមានឱកាសជាពិធីប្រគល់-ទទួល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ដ្រីកម្ពុជា និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន”។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា៖ “យើងនឹងត្រូវធ្វើពិធីសម្ពោធមួយទៀត ដោយសង្ឃឹមថា មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនមកចូលរួម ដើម្បីអបអរសាទរនូវសមិទ្ធផលដែលចេញមកពីការខិតខំប្រឹងប្រែង និងផ្លែផ្កា នៃចំណងមិត្តភាពរវាងកម្ពុជា-ចិន។ ខ្ញុំអាចចាត់ទុកថា នេះគ្រាន់តែជាទទួលផលដើមរដូវ នៃចំណងមិត្តភាពដែកថែប ដែលប្រធានាធិបតី ស៊ី ជីង ពីង បានប្រសិទ្ធនាមឡើង។ ហេតុអ្វីបានជាខ្ញុំត្រូវនិយាយថា វាជាការទទួលផលនាដើមរដូវ? យើងមិនមែនទាក់ទងជាមួយចិន ត្រឹមថ្ងៃនេះ ឬថ្ងៃស្អែក បន្ទាប់ពីទទួលស្ដាតនេះរួចនោះទេ យើងត្រូវធ្វើជាមួយមិត្តចិនច្រើនឆ្នាំតទៅទៀត”។
គួរបញ្ជាក់ថា បន្ទាប់ពីបង្ហាញរបាយការណ៍ និងដំណើរសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងភាគីប្រទេសទាំងពីរ ដែលកម្ពុជា តំណាងដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងភាគីចិន តំណាងដោយលោក ឈាន ខឺមីង អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មចិន ក៏បានធ្វើការចុះហត្ថលេខានូវការប្រគល់ និងទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ៕
ប្រភព ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)