ថ្មីៗនេះ ការឈ្នះពានរង្វាន់ និងខ្សែក្រវាត់ស្ដេចថៃ របស់ ធឿន ធារ៉ា បានបង្កឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីគ្រប់មជ្ឈដ្ឋាន ដែលសង្កេតឃើញមានអ្នកមានទ្រព្យសម្បត្តិនៅស្រុកខ្មែរ បានចូលរួមផ្ដល់ប្រាក់ឧបត្ថម្ភជាហូរហែដល់កីឡាករកម្ពុជាដែលបាននាំយកកិត្តិយសជូនជាតិ។
បន្ថែមពីនេះ គណនីហ្វេសប៊ុក “ទ្រី ដាណា Dana Try” នៅព្រឹកនេះ បានប្រកាសថា គាត់នឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់ និងខ្សែក្រវាត់សម្រាប់កីឡាបាល់ទាត់ និងប្រដាល់ជាតិយើង អមជាមួយនឹងទឹកប្រាក់ជាង 30 ម៉ឺនដុល្លារអាមេរិកសម្រាប់ការរៀបចំកម្មវិធី។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការបង្ហើបប៉ុណ្ណោះ ចំពោះកាលបរិច្ឆេទជាក់លាក់នៃការប្រកួតសម្រាប់កម្មវិធីទាំងពីរ អាចនឹងត្រូវបានប្រកាសនៅពេលក្រោយ។
សូមជម្រាបថា ធឿន ធារ៉ា បានធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញជាមួយនឹងមោនកភាព បន្ទាប់ពីទទួលជ័យជម្នះលើកីឡាករប្រដាល់ថៃ សៃយោគ ក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីមួយ ដោយផ្ដួលគូប្រកួតឱ្យអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹក 1កាលពីថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2022 ៕