ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍ថា កំពុងងាកមកចាប់អារម្មណ៍ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្ថែមទៀត ជាមួយក្លិបបិសាចក្រហម Manchester United ។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិបារាំងរូបនេះ ឈានចូលដល់ឆ្នាំចុងក្រោយហើយ ចំពេលកន្លងមក Pogba នៅតែបន្តមានទំនាក់ទំងយ៉ាងខ្លាំង ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប Real Madrid ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅឆ្នាំក្រោយនេះ។
ក្លិបយក្សអេស្ប៉ាញខាងលើ ត្រូវបានគេចាត់ទុកថាជាគោលដៅធំមួយ ដែល Pogba អាចនឹងផ្ទេរទៅចូលរួមនៅឆ្នាំ២០២២ ខាងមុខ ប៉ុន្តែយ៉ាងណាបើយោងតាមការចុះផ្សាយបានឱ្យដឹងថា បច្ចុប្បន្ន Pogba ហាក់ពេញចិត្តជាមួយនឹងការស្នាក់នៅទឹកដី Old Trafford បន្តជាង។
មិនតែប៉ុណ្ណោះ ខ្សែបម្រើវ័យ ២៨ ឆ្នាំនេះ ត្រូវបានរាយការណ៍ថា អាចនឹងទទួលការពិភាក្សាជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀត ពោលគឺបន្ទាប់ពីមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo និងការទទួលជ័យជម្នះដោយលទ្ធផល ៤-១ លើក្រុម Newcastle United កាលពីថ្ងៃសៅរ៍ ដែលត្រូវបានគេយល់ថាជាកត្តាដ៏សំខាន់ ក្នុងការសម្រេចចិត្តនេះតែម្តង៕