ប្រមុខដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ កម្ពុជាដែលជាម្ចាស់ផ្ទះនឹងមិនធ្វើការផ្លាស់ប្ដូរឈ្មោះវិញ្ញាសាគុនខ្មែរ ប្រភេទសិល្បៈក្បាច់គុនទេ ព្រោះកីឡានេះគឺជាអត្តសញ្ញាណរបស់កម្ពុជា។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ បន្ទាប់ពីភាគីថៃ បានប្រកាសថាមិនបញ្ជូនអត្តពលិកមកចូលរួមក្នុងវិញ្ញាសាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា ដែលចាប់ផ្ដើមនៅក្នុងខែឧសភាខាងមុខ ក្រោមហេតុផលកម្ពុជាបានប្ដូរឈ្មោះវិញ្ញាសា មួយ (Muay) មកជា “គុនខ្មែរ” វិញ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលថៃមិនចូលរួមប្រកួតគុនខ្មែរ។ កាលពីព្រឹត្តិការណ៍ ការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថៃក៏បានពហិការមិនចូលរួមការប្រកួតលើវិញ្ញាសាគុនខ្មែរផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានបញ្ជាក់ថា ការប្រើប្រាស់ពាក្យគុនខ្មែរ គឺត្រូវធ្វើឡើងទៅតាមឆន្ទៈរបស់កម្ពុជា ហើយកម្ពុជាបានសរសេរជាលាយលក្ខណ៍អក្សរប្រាប់ទៅកាន់ភាគីប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួចហើយ។
គួររំឭកថា វិញ្ញាសា Muay ត្រូវបានដាក់ក្នុងវិញ្ញាសាស៊ីហ្គេមតាំងពីឆ្នាំ២០០៧ ដែលពេលនោះប្រទេសថៃគឺជាម្ចាស់ផ្ទះ។ យ៉ាងណាមិញ ស៊ីហ្គេមឆ្នាំនេះ តាមរយៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាអ្នករៀបចំតាក់តែងច្បាប់ លក្ខខន្តិកៈ និងបទបញ្ជានៃការប្រកួត ដោយកម្ពុជាបានត្រៀមមន្ត្រីអាជ្ញាកណ្ដាល និងចៅក្រមរបស់ខ្លួនសម្រាប់ការប្រកួត ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេសអន្តរជាតិ៕