×

កីឡាករកម្ពុជាបានបង្កើតកំណត់ត្រាថ្មីក្នុងកីឡាប្រដាល់សាកលកម្រិតអាស៊ី

កីឡាករ រ៉ាចាពៅ អាប់ឌុលឡា តំណាងឱ្យប្រទេសកម្ពុជា បានក្លាយជាកីឡាករខ្មែរដំបូងបង្អស់ ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រដាល់សាកលជើងឯកអាស៊ីអាយុក្រោម២២ឆ្នាំ (ASBC Asian U22 Boxing Championships) ដែលរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សហព័ន្ធកីឡាប្រដាល់អាស៊ី នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ។

កីឡាករកម្ពុជាកាត់អ៊ូបេគីស្ថានរូបនេះ ក៏បានធ្វើជាតំណាងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រដាល់ជើងឯកអាស៊ី ASBC Asian Elite Boxing Championships នៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីខែវិច្ឆិកា ឆ្នាំ 2022 ផងដែរ។

ក្នុងព្រឹត្តិការណ៍ដើមឆ្នាំ២០២៣នេះ អ្នកប្រដាល់សាកលទម្ងន់ធ្ងន់ (៩២គីឡូក្រាម) រូបនេះបានផ្ដួលគូប្រជែងរបស់ប្រទេសកៀហ្ស៊ីស្ថាន ហើយបានក្លាយជាកីឡាករដំបូងបង្អស់របស់កម្ពុជា ដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីកម្រិតអាស៊ី។ វាជាកំណត់ត្រាជាប្រវត្តិសាស្រ្តសម្រាប់ប្រដាល់សាកលរបស់ប្រទេសកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលចាប់ផ្ដើមនៅខែឧសភាខាងមុខនេះ។

ឈានដល់វគ្គនេះ កីឡាករ រ៉ាចាពៅ កំពុងមានមេដាយប្រាក់នៅក្នុងដៃរួចជាស្រេច។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រវាងកីឡាករខ្មែរ-អ៊ូបេគីស្ថាន រ៉ាចាពៅ ប្រកួតជាមួយកីឡាករអ៊ូបេគីស្ថាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង