×

FIFA បង្ហាញបាល់ដែលត្រូវប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារី ឆ្នាំ២០២៣

បាល់ផ្លូវការដែលត្រូវយកទៅប្រើប្រាស់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនារី FIFA Women’s World Cup 2023 ត្រូវបានដាក់បង្ហាញហើយ នាទីក្រុង Sydney ប្រទេសអូស្ត្រាលី។

បាល់នេះត្រូវបានផ្តល់ឈ្មោះថា Oceaunz ហើយវាគឺជាបាល់ទី៩ដែលត្រូវបានផលិតដោយក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីលើពិភពលោក Adidas។ ចំពោះការរចនាបាល់នេះត្រូវបានលើកទឹកចិត្តដោយទេសភាពធម្មជាតិ ដ៏ល្អអស្ចារ្យនៃប្រទេសសហម្ចាស់ផ្ទះទាំងពីរ ដែលមានទាំងភ្នំនៃប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលី តភ្ជាប់គ្នាជាមួយមហាសមុទ្រឥណ្ឌា ដោយប្រើប្រាស់ពណ៌ស បៃតង និងខៀវជាគោល។ បន្ថែមពីនេះ បាល់ Oceaunz គឺជាការប្រារព្ធពិធីនៃវប្បធម៌នៃប្រទេសម្ចាស់ផ្ទះទាំងពីរ និងមានការរចនាដោយវិចិត្រករជនជាតិដើមភាគតិចលោក Chern’ee Sutton និង Maori Fiona Collis ។

Oceaunz ក៏ត្រូវបានបំពាក់បច្ចេកវិទ្យាតាមដានដូចដែលបានប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នាប្រទេសកាតា កាលពីពេលកន្លងទៅដែរ ដោយវានឹងផ្តល់នូវទិន្នន័យផ្លាស់ទីរបស់បាល់បានច្បាស់លាស់សម្រាប់មន្ត្រីអាជ្ញាកណ្តាល។ វាក៏ភ្ជាប់មកជាមួយនឹងទិន្នន័យទីតាំងអ្នកលេង បច្ចេកវិទ្យាបាល់ AI ឬបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាពាក់កណ្តាល Offside ហើយនិងផ្តល់ព័ត៌មានជំនួយ VAR ដើម្បីជួយបង្កើនប្រសិទ្ធភាពការសម្រេចចិត្ត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA Women’s World Cup 2023 គឺជាការដំណើរការលើកទី៩ ក្នុងប្រវត្តិសាស្ត្រ នឹងធ្វើឡើងដោយមានសហម្ចាស់ផ្ទះអូស្ត្រាលី និង នូវែលហ្សេឡង់ ដោយចាប់ផ្តើមពីថ្ងៃទី ២០ខែកក្កដា ដល់ ២០ខែសីហា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង