×

កម្ពុជាត្រៀមកងកម្លាំងសរុបជាង ២ម៉ឺន៣ពាន់នាក់សម្រាប់ការពារសន្តិសុខនិងសណ្ដាប់ធ្នាប់អំឡុងកីឡាស៊ីហ្គេម

ក្នុងឱកាសដែលកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាបានត្រៀមកងកម្លាំងសរុបចំនួន ២៣.៧៥១ នាក់ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនដល់ប្រតិភូកីឡានៃបណ្ដាប្រទេសដែលចូលរួម។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេម ត្រូវប្រើប្រាស់កងកម្លាំងសរុបចំនួន ២៣.៧៥១នាក់។ ឯកឧត្តមអគ្គស្នងការង បន្ដថា ក្នុងចំណោមកងកម្លាំង ចំនួន ២៣.៧៥១នាក់ នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ មានចំនួន ១៣.០០៣នាក់, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួន ១២០នាក់, កងរាជអាវុធហត្ថ ចំនួន ៥.០៩១នាក់, បញ្ជាការដ្ឋានអង្គរក្ស ចំនួន ២.៨៨៨នាក់, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ចំនួន ៣៤៦នាក់, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ ចំនួន ៨៩នាក់, បញ្ជាការដ្ឋានកងពលតូចអន្ដរាគមន៍លេខ៧០ ចំនួន ៣០០នាក់, បញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ១៩៥នាក់, បញ្ជាការដ្ឋានកងទ័ពជើងអាកាស ចំនួន ៥៥នាក់, ការិយាល័យទី២ កងទ័ពជើងគោក ចំនួន ៣៥នាក់, អាជ្ញាធរអាកាសចរណ៍ស៊ីវិល ចំនួន ១០០នាក់, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ចំនួន ៣០នាក់, ក្រសួងសុខាភិបាល ចំនួន ១.0១២នាក់, អគ្គិសនីកម្ពុជា ចំនួន ៨២នាក់, សន្ដិសុខឯកជន ចំនួន ៤០៥នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង