រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាមិនតិចជាង ២០០លានដុល្លារអាមេរិក ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា បានអះអាងថា ចំណាយលើការរៀបចំការប្រព្រឹត្តទៅរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យើងគ្រោងចំណាយមិនតិចជាង ២០០លានដុល្លារទេ ទាំងការរៀបចំ ទាំងពេលធ្វើពិធីប្រកួត។
លោក វង្សី វិស្សុត បានបន្តថា ទឹកប្រាក់ប្រមាណ ២០០លានដុល្លារនេះ មិនរាប់បញ្ចូលលើការសាងសង់ពហុកីឡដ្ឋានមករតតេជោ ដែលជាជំនួយទាំងស្រុង ១០០% របស់មិត្តចិននោះទេ ហើយផ្ទះកីឡាសម្រាប់កីឡាករស្នាក់នៅ ក៏មិនរាប់បញ្ចូលដែរ។ ផ្ទះកីឡាជាការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដូច្នេះហើយ រាជរដ្ឋាភិបាលមិនបានចំណាយថវិការនោះទេ។
សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ ចេង ឆហួត