នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣នេះ នៅ សណ្ឋាគារ ហ្គាឌិនស៊ីធី រាជធានីភ្នំពេញ កិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ បានសម្រេចជាផ្លូវការថានឹងមិនមានប្រភេទកីឡាមួយ (Muay) នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឡើយ។
កិច្ចប្រជុំមានការចូលរួមពីអ្នកតំណាងមកពីប្រទេសកម្ពុជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ព្រមទាំងសហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាមួយពិភពលោក ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។
លទ្ធផលនៃកិច្ចប្រជុំដែល CBS Sports ទទួលបានគឺសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅប្រទេសកម្ពុជាប្រភេទកីឡាមួយ (Muay) គឺមិនមានទេ ហើយកីឡាគុនខ្មែរ (Kun Khmer) នឹងត្រូវដាក់បញ្ចូលវិញ ជាមួយច្បាប់ និងការតុបតែងថ្មី ដោយមិនយកសំណៅរបស់កីឡាមួយ (Muay) មកប្រើប្រាស់សម្រាប់ការប្រកួតឡើយ៕