នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យបញ្ឈប់ការឈ្លោះប្រកែកគ្នា ដែលលោកចាត់ទុកជារឿងគ្មានន័យ ជុំវិញការហៅឈ្មោះកីឡា មួយថៃ ឬគុនខ្មែរ។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កម្មពិធីផ្សព្វផ្សាយក្បាច់គុននេះ នៅអគារវិមានរដ្ឋាភិបាល ក្នុងឱកាសទិវា Muay Thai ។
លោកប្រាយុទ្ធបានមានប្រសាសន៍ថា៖ ” Muay Thai គឺជាផ្នែកមួយនៃវប្បធម៌ថៃយូរមកហើយ ហើយយើងមានមោទកភាពចំពោះវា។ ប៉ុន្តែវាមិនចាំបាច់សម្រាប់ពួកយើងដើម្បីឈ្លោះជាមួយនរណាម្នាក់នោះទេ។ គ្មាននរណាម្នាក់អាចដកហូតអ្វីដែលជារបស់យើងនោះទេ។ វាមិនគួរក្លាយជាជម្លោះទេ។ ចូរយើងបញ្ចប់ការឈ្លោះប្រកែកគ្នា។”
លោកបានបន្តថា ការឈ្លោះប្រកែកគ្នាអំពីឈ្មោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម “គឺគ្មានន័យទេ យើងដឹងថាអ្វីគឺជាអ្វី”។
សូមរំឭកថា លទ្ធផលនៃកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានបង្ហាញថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នៅប្រទេសកម្ពុជា ប្រភេទកីឡាមួយ (Muay) គឺមិនមានទេ ហើយកីឡាគុនខ្មែរ (Kun Khmer) នឹងត្រូវដាក់បញ្ចូលវិញ ជាមួយច្បាប់ និងការតុបតែងថ្មី ដោយមិនយកសំណៅរបស់កីឡាមួយ (Muay) មកប្រើប្រាស់សម្រាប់ការប្រកួតឡើយ៕
ទស្សនាវីដេអូខាងក្រោម៖