×

ប្រទេសថៃឡង់ដ៍រៀបចំកីឡាករ ៣,៦៦០នាក់ សម្តែងគុណ Wai Kru នៃកីឡាប្រដាល់ Muay Thai បំបែកកំណត់ត្រាពិភពលោក

ថៃឡង់ដ៍៖ អ្នកប្រដាល់ Muay Thai ចំនួន ៣,៦៦០ នាក់បានមកជួបជុំគ្នានៅក្នុងទីប្រជុំជន Prachuap Khiri Khan កាលពីថ្ងៃចន្ទដើមសប្តាហ៍ ដើម្បីរៀបចំការសម្តែងគុណ “Wai Kru” ជាព្រឹត្តិការណ៍ដ៏ធំបំផុតដោយបានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ។ គុណ “Wai Kru” គឺជាការរំលឹក និងគោរពដល់គុណគ្រូ ឪពុកម្តាយ និងបុព្វបុរស មុនការប្រកួត ។

អ្នកប្រដាល់កីឡា Muay Thai អាជីពម្នាក់ ឈ្មោះ Sombat Banchamek ឬមានឈ្មោះនៅលើសង្វៀនប្រដាល់ថា Buakaw Banchamek បានដឹកនាំអ្នកប្រដាល់ជាង៣០០០នាក់ ឱ្យចូលរួមសម្តែងជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ ។

គណៈកម្មការកាត់ក្តីរបស់កំណត់ត្រាពិភពលោក (Guinness World Record) លោក Kazayoshi Kirimura បានបញ្ជាក់ថា កំណត់ត្រាកាលពីមុន មានអ្នកប្រដាល់ចូលរួមត្រឹមតែ ២៥០នាក់តែប៉ុណ្ណោះ ។ ហើយសម្រាប់លទ្ធផលចុងក្រោយនេះ គឺមានកីឡាករចូលរួមរហូតដល់បីពាន់ប្រាំមួយរយហុកសិបនាក់។ គាត់បន្ថែមថា វាពិតជាអស្ចារ្យណាស់ ។

គេស្គាល់ថា កីឡាមួយប្រភេទនេះ គឺជា ‘សិល្បៈនៃសារពាង្គកាយទាំងប្រាំបី’ ដោយសារតែកីឡាករទទួលបានការអនុញ្ញាតឱ្យផ្តួលគូប្រកួតដោយការប្រើប្រាស់ជើង ជង្គង់ កែង និងកណ្តាប់ដៃ ។

ថ្ងៃចន្ទទី៦ ខែកុម្ភៈ ក៏ជាថ្ងៃរៀបចំកីឡា Muay Thai ក្នុងប្រទេសថៃឡង់ដ៍ និងជាការរំលឹកដល់ស្តេច Sanphet ទី៨ (ឬស្គាល់ថា “ព្រះចៅស៊ឺ” មានន័យថា “ស្តេចខ្លា”) ក្នុងពិធីឡើងសោយរាជ្យក្នុងឆ្នាំ ១៧០២ ៕

  

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង