លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ជាផ្លូវការថា ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា និងក្រុមជម្រើសជាតិបារាំអាយុក្រោម ១៩ឆ្នាំ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ វេលាម៉ោង៤:០០រសៀល នៅសាលបាល់ទះក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ដូច្នេះ បន្ទាប់ពីចុះពិនិត្យទីតាំងជាមួយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដើម្បីត្រៀមរៀបចំឱ្យមានការប្រកួតមិត្តភាពនានា ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រៀមឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាខែឧសភាខាងមុខនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កាលពីខែមករា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹងថា លោកបានជួបពិភាក្សាជាមួយលោក Sokhary Chau អភិបាលក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក ដើម្បីសិក្សាពីគម្រោងអញ្ជើញក្រុមកីឡាករអាមេរិកមួយ ដើម្បីមកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជាផងដែរ។ ហើយសហព័ន្ធគ្រោងរៀបចំការប្រកួតដណ្ដើមពានរង្វាន់មិត្តភាពមួយ ដែលមានក្រុមជម្រើសជាតិកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ចូលរួមប្រកួតថែមទៀតផង។
សូមជម្រាបថា កីឡាបាល់ទះត្រូវបានចាត់ទុកជាកីឡាដ៏មានសក្ដានុពលមួយសម្រាប់កម្ពុជា នៅក្នុងការប្រជែងមេដាយមាសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភាខាងមុខ បន្ទាប់ពីកម្ពុជាបានដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងលើវិញ្ញាសាបាល់ទះបុរសនៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលវាជាការឈ្នះលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានៅស៊ីហ្គេម៕