×

សហព័ន្ធបាល់ទាត់អាមេរិកខាងជើង ប្រឆាំងការផ្លាស់ប្តូរគម្លាតរយៈពេលនៃព្រឹត្តិការណ៍ FIFA World Cup

សហព័ន្ធបាល់ទាត់អាមេរិកខាងជើង CONCACAF បានធ្វើការប្រឆាំង និង អំពាវនាវឱ្យប្រទេសសមាជិកទាំងអស់ពិចារណាចំពោះគម្រោងផ្លាស់ប្តូរការរៀបចំការប្រកួត FIFA World Cup ពី៤ឆ្នាំម្តងទៅ២ឆ្នាំម្តងវិញ។

គម្រោងផ្លាស់ប្តូរគម្លាតរយៈពេលនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ ត្រូវបានគាំទ្រដោយអតីតអ្នកចាត់ការ Arsenal លោក Arsene Wenger ដែលបច្ចុប្បន្នលោកជាមន្ត្រីជាន់ខ្ពស់របស់ FIFA។

គម្រោងនេះ ទទួលបានការគាំទ្រពីជនល្បីៗមួយចំនួន ក្នុងវិស័យកីឡាបាល់ទាត់ តែវាត្រូវបានក្រុមអ្នកគាំទ្រមកពីទូទាំងពិភពលោក ប្រឆាំងនិងសុំឱ្យរក្សាកម្មវិធី៤ឆ្នាំម្តងដដែល។
ស្របពេលលោក Arsene Wenger កំពុងស្វែងរកការរៀបចំកាលវិភាគថ្មីសម្រាប់ FIFA World Cup នោះ អង្គការអ្នកគាំទ្រជាតិចំនួន ៥៨ មកពីទូទាំងសហព័ន្ធបាល់ទាត់ទាំង៦ទ្វីប បានដិសេធ។ ពួកគេមិនពេញចិត្តគម្រោងនេះឡើយ និងអះអាងថា អ្នកគាំទ្រភាគច្រើនប្រឆាំងនឹងគម្រោងផ្លាស់ប្តូររយៈពេលប្រកួត World Cup ពី៤ឆ្នាំ ទៅ២ឆ្នាំនេះ និងអំពាវនាវឱ្យ FIFA លុបផែនការនេះចោលវិញ។

ក្នុងចំណោមសហព័ន្ធទាំង៦ សហព័ន្ធបាល់ទាត់អាមេរិកខាងជើង CONCACAF បានបង្ហាញក្តីខ្វាយខ្វល់ខ្លាំងជាងគេ និងបានប្រឆាំងចំពោះការប្រកួត World Cup ដែលធ្វើឡើងពីរឆ្នាំម្តង។

CONCACAF បានចេញសេចក្តីថ្លែងការថា៖ “ក្នុងកិច្ចប្រជុំរវាង FIFA និងសហព័ន្ធផ្សេងៗ និងដាច់ដោយឡែកជាមួយ CONCACAF នឹងធ្វើឡើងនាពេលខាងមុខនេះ ដោយក្នុងនោះពួកគេនឹងសុំឱ្យ FIFA បញ្ចប់គម្រោង និងស្នើឱ្យសមាជិក ទាំងអស់ត្រូវពិចារណាអំពីគំនិតផ្តួចផ្តើមឱ្យមានការផ្លាស់ប្តូររបស់លោក Wenger ។
CONCACAF បន្ថែមថា ពួកគេគោរពចំពោះការធ្វើឱ្យមានការរីកចម្រើនក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះគម្រោងដែលនឹងធ្វើឱ្យ World Cup ដែលមានទម្លាប់ធ្វើ៤ឆ្នាំម្តង ជាប្រពៃណីជិតមួយសតវត្សរ៍ទៅហើយនោះ ប្តូរទៅធ្វើ២ឆ្នាំម្តងវិញ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង