×

លោកគ្រូបង្វឹក Conor Nestor រីករាយជាមួយនឹងជ័យជម្នះ និងការលេងរបស់កីឡាករ ក៏ដូចជានឹកដល់អ្នកគាំទ្រផងដែរ

ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតនឹងក្រុមនគរបាលជាតិ កាលពីថ្ងៃសៅរិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង៣និង៣០នាទីរសៀល នៅកីឡដ្ឋាន7NG។ កីឡាករខ្សែប្រយុទ្ធឆ្នើម Privat Mbarga បានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀងឡើងវិញក្នុងការប្រកួតនេះ។

ក្រុមព្រះខ័នរាជស្វាយរៀង លេងបានល្អមែនទែនដោយអាចរកគ្រាប់បាល់បានទាំងពីរតង់។ នៅតង់ទី១ កីឡាករ ប្រាក់ មុនីឧត្តម រកបានគ្រាប់បាល់ទី១នៅនាទី២២ ហើយកីឡាករ Mika បន្ថែមបានពីរគ្រាប់នៅនាទី២៥ និងនាទី៣៣។

ចូលមកក្នុងតង់ទី២ កីឡាករ Privat Mbarga រកបានពីរគ្រាប់ទៀតនៅនាទី៨០ និងចុងម៉ោងនាទី៩០។ បច្ចុប្បន្ន កីឡាករ Privat Mbarga កំពុងឈរនៅកំពូលតារាងកីឡាករដែលស៊ុតបញ្ចូលទីបានគ្រាប់បាល់ច្រើនជាងគេក្នុងលីគបាល់ទាត់កំពូលកម្ពុជា (១៣គ្រាប់)។

លោកគ្រូបង្វឹក Conor Nestor បានថ្លែងប្រាប់ក្រុមការងារ CBS SPORT ថា ៖ ខ្ញុំរីករាយជាមួយនឹងជ័យជំនះនិងការលេងរបស់កីឡាករ ប៉ុន្តែយើងដឹងថាការធ្វើឱ្យប្រសើរឡើងនៅតែត្រូវការចាំបាច់សម្រាប់ការប្រកួតជុំទី២។ បន្ថែមពីនេះ យើងក៏នឹកអ្នកគាំទ្ររបស់យើងផងដែរ។

ចំពោះជ័យជម្នះក្រៅដីជាមួយនឹងគ្រាប់បាល់រហូតដល់៥គ្រាប់បែបនេះ លោកគ្រូបង្វឹក Conor Nestor បានបកស្រាយថា ៖ នៅពេលក្រុមព្រះខ័នរាជស្វាយរៀងលេងក្រៅដី ក្រុមម្ចាស់ផ្ទះភាគច្រើនបានវាយសម្រុកខ្លាំងដែលបង្កើតនូវចន្លោះប្រហោងច្រើនជាឱកាសសម្រាប់រកគ្រាប់បាល់។ ប៉ុន្ដែនៅពេលក្រុមព្រះខ័នរាជស្វាយរៀងលេងក្នុងដី ក្រុមភ្ញៀវភាគច្រើនលេងរបៀបការពារ ហើយវាយបក ឬក៏លេងបាល់តាមប្លង់រៀបចំទុក (Counter Attack or Set Piece) ទើបយើងមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនគ្រាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង