ប្រទេសអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ បានប្រកាសរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០៣០ ដែលវានិងក្លាយជាខួបរយៈពេល ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់បាល់ទាត់នេះ។
ប្រទេសស្ថិតនៅទ្វីបអាមេរិកខាងត្បូងទាំង៤ បានដាក់ក្តីរំពឹង និងអំពាវនាវឱ្យ FIFA World Cup វិលត្រលប់ទៅកាន់ទីតាំងដែលបានចាប់ផ្តើមប្រកួតលើកដំបូងបំផុតនាទីក្រុង Montevideo។
ចំពោះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនេះ អ៊ុយរុយហ្គាយជាជើងឯក World Cup ១សម័យ ដោយឈ្នះលើកដំបូង ពេលពួកគេធ្វើជាម្ចាស់ផ្ទះលើកដំបូងឆ្នាំ ១៩៣០ នាទីក្រុង Montevideo។ អាហ្សង់ទីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ១៩៧៨ និងបានឈ្នះជើងឯកចំនួន ៣លើក ក្នុងឆ្នាំ ១៩៧៨, ១៩៨៦ និង ២០២២។ រីឯ ប្រទេសឈីលីធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ១៩៦២ ហើយប៉ារ៉ាហ្កាយមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះពីមុនឡើយ។
ប្រទេសទាំង៤នឹងក្លាយជាក្រុមប្រទេសប្រជែងជាមួយនឹងក្រុមប្រទេសដែលសហការដោយ អេស្ប៉ាញ និងព័រទុយហ្គាល់ ព្រមទាំងប្រទេសទោល ដូចជា ម៉ារ៉ុក និង អារ៉ាប៊ីសាអ៊ូឌីត។
ដោយឡែក សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ប្រទេសស្ថិតនៅទ្វីបអាមេរិកខាងជើង មានដូចជា សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក បានធ្វើជាសហម្ចាស់ផ្ទះ។ World Cup 2026 ជាការប្រកួតលើកដំបូងដែលប្រើកំណែទម្រង់ក្រុមប្រកួតឡើងដល់ចំនួន ៤៨ក្រុមប្រកួត៕