កីឡាករប្រដាល់ ប៊ួខាវ បេនឆាមេក (Buakaw Banchamek) ត្រូវបានបញ្ជើញធ្វើជាភ្ញៀវកិត្តិយស ដើម្បីបង្ហាត់បង្រៀនសិល្បៈក្បាច់គុន Muay Thai នៅក្នុងសមយុទ្ធប្រចាំឆ្នាំ ឈ្មោះ ពស់វែកមាស (Cobra Gold) ឆ្នាំ២០២៣ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១០ ខែមីនាខាងមុខនេះ។
សមយុទ្ធពស់វែកមាស គឺជាសមយុទ្ធរួមរវាងកងទ័ពថៃ និងកងទ័ពអាមេរិក។ វាត្រូវបានធ្វើឡើងនៅក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ ហើយត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៨២។
កាលពីឆ្នាំមុន សមយុទ្ធនេះបានផ្តោតលើការបណ្ដុះបណ្ដាលទៅលើការឆ្លើយតបនឹងវិបត្តិ និងសន្តិសុខក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ដោយមានកងទ័ពអាមេរិកចូលរួម ១២០០នាក់ និងកងទ័ពថៃ ២០០០នាក់។
សូមបញ្ជាក់ថា ការបង្ហាត់ក្បាច់គុន Muay Thai ក្នុងសមយុទ្ធដែលមានរយៈពេល២សប្ដាហ៍នេះ នឹងកើតឡើងបន្ទាប់ពីអ្នកប្រដាល់ ប៊ួខាវ បេនឆាមេក បានដឹកនាំអ្នកប្រដាល់ជាង ៣៦៦០នាក់ ឱ្យចូលរួមសម្តែងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបំបែកកំណត់ត្រាពិភពលោក (Guinness World Record) តាមរយៈការសម្ដែងគុណ “Wai Kru” កាលពីដើមខែកុម្ភៈនេះតែប៉ុណ្ណោះ៕