×

ចំណាប់អារម្មណ៍របស់អគ្គលេខាធិការក្លិបវិសាខា និងអគ្គលេខាធិការក្លិបបឹងកេត ចំពោះការប្រកួតកាលពីសប្ដាហ៍មុន

រឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដែលជាកំណត់ត្រាថ្មីមួយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់លីគកំពូលកម្ពុជា គឺថាក្រុមការពារតំណែងជើងឯកបឹងកេត (ជើងឯកលីគកំពូល៤សម័យ) ត្រូវបានក្រុមដែលកំពុងឡើងជើង វិសាខា យកឈ្នះក្នុងលទ្ធផលបច្ចេកទេស៥ទល់នឹង១ នៅក្នុងទឹកដីបឹងកេត។

អតីតខ្សែប្រយុទ្ធ ហុក សុចិត្រា បច្ចុប្បន្នអគ្គលេខាធិការក្លិបវិសាខា បានថ្លែងថា៖ “វាជាការប្រកួតមួយដែលអស្ចារ្យរបស់ វិសាខា ក្នុងការរៀបចំនិងត្រៀមបានល្អ ហើយវាជាជោគជ័យមួយដែលល្អសម្រាប់យើងក្នុងរក្សាបាននៅលំដាប់កំពូលតារាង យើងក៏ដូចជាការជំរុញទឹកចិត្តកីឡាករយើងឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីត្រៀមដំណើរទៅជុំទី២បន្តទៀត និងដើម្បីសម្រេចគោលដៅរបស់ក្លិបដែលចង់បានក្នុងរដូវកាលដ៏លំបាកនេះ។”

លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានថ្លែងថា៖ “ការប្រកួតនេះ ដំបូងពួកយើងគិតថាការប្រកួតនេះជាការប្រកួតមួយល្អមើលនិងតានតឹង ប៉ុន្ដែយើងមានបញ្ហាកីឡាករ កីឡាករបួស កីឡាករឈឺច្រើន មុនប្រកួតនិងក្នុងពេលប្រកួតមានកីឡាកររបួសទៀត ហើយលទ្ធផលចេញមកមិនគួរឱ្យជឿដែរ បរាជ័យយ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែវាជាបាល់ទាត់អ្វីៗក៏កើតឡើងបានដែរ។ យើងទទួលនិងរៀនសូត្រពីកំហុសឆ្គងការប្រកួតថ្ងៃហ្នឹងដើម្បីកែប្រែការប្រកួតនៅថ្ងៃក្រោយ តែសំខាន់យើងមានការបារម្ភដែលបច្ចុប្បន្នយើងកំពុងយកចិត្តទុកដាក់លើ និងតាមដានរបួសរបស់កីឡាករទាំងអស់នោះ ថាតើត្រូវការរយៈពេលយូរប៉ុណ្ណា ធ្ងន់ប៉ុណ្ណាដើម្បីព្យាបាល៕”

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង