×

អាជ្ញាកណ្ដាល ចៅក្រម៣២នាក់ ទទួលបានវិញ្ញាបនបត្រមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ

ក្រោមជំនួយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតបឋមឆ្នាំ២០២២រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣បានបញ្ចប់ដោយជោគជ័យ និងទទួលបានវាយតំលៃខ្ពស់ពីប្រធានសហព័ន្ធ។

ឯកឧត្តមឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ថែមទៀត និងផ្តល់ឱកាសឱ្យកីឡាករគុនខ្មែរដែលឈប់ពីការប្រកួតចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ត ព្រមទាំងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រមដើម្បីត្រៀមរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកឆ្នាំ២០២២ នាពេលខាងមុខ ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានបន្តថា វគ្គនេះគឺចំណាយថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា ហើយសិក្ខាកាមភាគច្រើនជាគរុសិស្សមកពីវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា មន្ទីរអប់រំកាយ និងកីឡា និងអតីតកីឡាករប្រដាល់គុនខ្មែរជាអ្នកមានចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។ សិក្ខាកាមទាំងអស់មានចំណេះដឹង និង មានកាយសម្បទាល្អ គឺសហព័ន្ធមិនយកអ្នកមានកម្ពស់មិនគ្រប់គ្រាន់នោះទេ ។

ឯកឧត្តមបានបន្តថា សិក្ខាកាមជាអាជ្ញាកណ្ដាល ចៅក្រម ត្រូវមានឆន្ទៈក្នុងការបំពេញការងារនៅលើសង្វៀនប្រកួតដាច់ខាន មិនមែនរៀនចប់ ហើយប៉ុន្មានខែ ក្រោយមកបែរជាទទួលពិន័យ របស់សហព័ន្ធដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ ។ សម្រាប់ការបំពេញការងារ តាមស្ថានីយ មិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀត អាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឱ្យមករៀន វគ្គអាជ្ញាកណ្ដាល ចៅក្រមមិនមករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឱ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ ឬឈប់រហូតតែម្តង ។

បើយោងតាម លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរបានឱ្យដឹងថា សិក្ខាកាមដែលចូលរួមវគ្គនេះ មានចំនួន៣៦រូប ២រូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ ។ នេះជាវគ្គបឋមដែលការសិក្សាផ្ដោតសំខាន់ ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះបានទទួលវិញ្ញាបនបត្រមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង