ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បន្តពង្រឹងការហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិឱ្យបានសកម្មបន្ថែមទៀត ដើម្បីសម្រួចគោលដៅឆ្ពោះទៅដណ្តើមមេដាយជូនជាតិ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ក្នុងឱកាសសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ នៅសាលពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម បានផ្តល់អនុសាសន៍មួយចំនួន រួមមាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ត្រូវបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរជាមួយសហព័ន្ធកីឡាជាតិនានា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីថែរក្សាគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ត្រូវបន្តពង្រឹង និងអនុវត្តផែនការហាត់ហ្វឹកហ្វឺនរបស់កីឡាករ កីឡាការិនីជម្រើសជាតិឱ្យកាន់តែសកម្មបន្ថែមទៀត ស្របតាមវិទ្យាសាស្ត្រ ដោយមិនត្រូវប្រើប្រាស់ជាដាច់ខាតនូវសារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូប៉ា។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក បានសង្កត់ធ្ងន់ថា៖ “មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ត្រូវបន្តយន្តការគ្រប់គ្រង កន្លែងស្នាក់នៅ កន្លែងហាត់ហ្វឹកហ្វឺនប្រកបដោយអនាម័យល្អ របបអាហារមានគុណភាព និងថាមពលខ្ពស់ ដើម្បីលើកកម្ពស់ដល់សុខភាពកីឡាករ កីឡាការិនី ក្នុងន័យជំរុញឱ្យគុណផលក្រុមជម្រើសជាតិកាន់តែរឹងមាំ។ ស្នើសុំឱ្យគ្រូបង្វឹកកម្ពុជា និងបរទេស រួមទាំងកីឡាករ កីឡាការិនីជម្រើសជាតិគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឱ្យបាន ដើម្បីជំរុញឱ្យបានសិទ្ធផលខ្ពស់ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ជាលើកដំបូងនៅកម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ”។
បើតាមរបាយការណ៍របស់ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឱ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិទាំងអស់ ទទួលបានការអនុញ្ញាតធ្វើការប្រមូលផ្តុំ ក្រុមកីឡាថ្នាល ចាប់តាំងពីឆ្នាំ២០១៤ ចាប់ពី១ប្រភេទកីឡាចំនួន២៣នាក់ បានពង្រឹងនិងពង្រីករហូតដល់៣៤ប្រភេទកីឡា ចំនួន ៥០៩នាក់ ក្នុងឆ្នាំ២០២០។
ក្នុងឆ្នាំ២០២១-២០២៣នេះ ក្រសួងបានច្របាច់បញ្ជូលគ្នារវាងក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឈានទៅសម្រិតសម្រាំងជ្រើសរើសកីឡាករជម្រើសជាតិសរុប ៩៣៨នាក់ (កីឡាការិនី ៣៤៦នាក់)និងគ្រូបង្វឹកចំនួន១៧៦នាក់ ដែលមានគុណផលខ្ពស់ និងសីលធម៌ល្អ ព្រមទាំងអនុរក្សចំនួន ៥២នាក់ ប្រមូលផ្តុំទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដើម្បីទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួតដែលនិងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ៕