ប្រទេសសិង្ហបូរី នឹងចូលរួមប្រកួតប្រជែងលើវិញ្ញាសា VALORANT នៃប្រភេទកីឡាអេឡិចត្រូនិកឡើងវិញ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីប្រទេសនេះ បានប្រកាសថាខ្លួននឹងមិនចូលរួមលើវិញ្ញាសានេះឡើយ។
ក្រុមប្រឹក្សាជាតិអូឡាំពិកសិង្ហបុរី (SNOC) បានផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនដែលដើមឡើយចង់ដកខ្លួនចេញពីវិញ្ញាសា VALORANT នេះ ដោយសារតែមិនមានក្រុមប្រកួតប្រជែងតំណាងប្រទេស។ បន្ទាប់ពីសិង្ហបុរី ប្រកាសពីការចូលរួមរបស់ខ្លួនឡើងវិញ ប្រទេសថៃដែលបានសម្រេចចិត្តដកខ្លួនពីវិញ្ញាសា VALORANT នេះ មិនទាន់មានសេចក្ដីរាយការណ៍ចំពោះការផ្លាស់ប្ដូរជំហររបស់ខ្លួននៅឡើយទេ។
សមាគមកីឡា Esports របស់សិង្ហបុរី បានរៀបចំការជ្រើសរើសកីឡាករតំណាងប្រទេស ហើយក្រុមប្រឹក្សាជាតិអូឡាំពិកសិង្ហបុរី បានផ្តល់ពេលវេលាបន្ថែមដើម្បីជ្រើសរើសក្រុមកីឡាករប្រកួតលើវិញ្ញាសា VALORANT។ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិអូឡាំពិកសិង្ហបុរីស ក៏ត្រូវបានទទួលការគាំទ្រពីសមាគមកីឡា Esports របស់សិង្ហបុរីផងដែរ។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រភេទកីឡាអេឡិចត្រូនិក នឹងមានវិញ្ញាសាមួយចំនួនដូចជា PUBG Mobile, League of Legends: Wild Rift, Mobile Legends: Bang Bang, Crossfire, Attack Online 2, និង VALORANT ៕