×

កម្ពុជាបានត្រៀមខ្លួនគ្រប់ទម្រង់ការងារទាំងអស់រយៈពេលជាង៦ឆ្នាំ ដើម្បីឆ្ពោះទៅស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

ដើម្បីត្រៀមខ្លួនទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ គឺកម្ពុជាបានត្រៀមខ្លួនគ្រប់ទម្រង់ការងារទាំងអស់ អស់រយៈពេលជាង៦ឆ្នាំ ដើម្បីឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម នាខែឧភា និងអាស៊ានប៉ារ៉ាហ្គេម នាខែមិថុនា ឆ្នាំ២០២៣ ។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ Camsoc ក្នុងឱកាសសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ថា នេះជាការសន្យារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ ហើយកម្ពុជាបានសម្រេចធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំ ៦៤ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិ CAMOC និងបានអនុម័តផែនការមេស៊ីហ្គេម ២០២៣ កាលពីឆ្នាំ២០១៦ ហើយចាប់តាំងពីឆ្នាំ២០១៧មក មិត្តចិនបានសាង់សងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរយៈពេល ៤០ខែ ដែលបានសាងសង់រួច នៅចុងឆ្នាំ២០២១ កន្លងទៅ ដែលសមិទ្ធផលដ៏ធំធេងនេះ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការស៊ីហ្គេម ២០២៣ ដែលនឹងចូលមកដល់នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានលើកឡើងថា គណៈកម្មាធិការជាតិ CAMSOC កំពុងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមខ្លួនឱ្យបានល្អ ក្នុងការសម្រួចគោលដៅ ឆ្ពោះទៅស្វែងរកមេដាយជូនជាតិឱ្យបានកាន់តែច្រើន ក្នុងនាមជាម្ចាស់ផ្ទះ។ ការធ្វើម្ចាស់ផ្ទះនេះ មិនមែនសម្រេចឯកភាពតែខ្លួនឯងទេ ពោលគឺមានការឯកភាពគ្នាជាមួយសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ាន ដោយបន្ស៊ីគ្នា ការយោគយល់គ្នា ក្នុងរង្វង់គ្រួសារអាស៊ីអាគ្នេយ៍ទាំងមូល ហើយស្របតាមធម្មនុញ្ញស៊ីហ្គេម ផងដែរ។

ជាមួយគ្នានេះ កម្ពុជាបានបើកកិច្ចប្រជុំជាច្រើនដងជាមួយអាស៊ាន ដោយកម្ពុជាបានសម្រេចត្រឹម៣៧ប្រភេទកីឡា ហើយក្នុងនេះ មានតែ ៣៦ប្រភេទកីឡាប៉ុណ្ណោះ ដែលមានមេដាយផ្តល់ជូន ដោយសារ១ប្រភេទកីឡា គឺប្រភេទកីឡាបាល់ទាត់លើតុ ដែលជាការដាក់ឱ្យប្រកួតបង្ហាញជូនប្រជាជនបានស្គាល់។ បាល់ទាត់លើតុ មិនមែនជាប្រភេទកីឡាអូឡាំពិកទេ ប៉ុន្តែជាប្រភេទកីឡាមានប្រជាប្រិយភាពខ្លាំង ហើយមានជាង ១០០ប្រទេសកំពុងនិយមលេងវា។

ការអះអាងបែបនេះ ដោយឯកឧត្តមបានចង្អុលបង្ហាញពីយន្តការមួយ ដែលជាការដាក់ចេញនូវផែនការប្រកួត ហើយបើមិនកំណត់ប្រភេទកីឡាទេ នោះការកំណត់ទីលានប្រកួត សម្ភារ ឧបករណ៍ ការរៀបចំមន្ត្រីអាជ្ញាកណ្តាល ក៏មិនចេញនោះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង