ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ ទីបំផុតក្រុម Burn x Flash និង DG Angelz ទទួលបានចំណាត់ថ្នាក់លេខ ១ នៃការប្រកួតកីឡាអេឡិចត្រូនិកជម្រុះជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023 លើវិញ្ញាសា Mobile Legends: Bang Bang កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាម លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានឱ្យដឹងថា ប្រភេទកីឡា Mobile Legends: Bang Bang សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម ខាងមុខនេះមាន២វិញ្ញាសា គឺក្រុមបុរស និងវិញ្ញាសាក្រុមនារី។ បន្ទាប់ពីសហព័ន្ធបានប្រកាសឱ្យមានការដាក់ពាក្យចូលរួមប្រកួតជាផ្លូវការ សហព័ន្ធបានទទួលក្រុមបុរសចំនួន១៧៩ក្រុម និងនារីចំនួន២២ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួត។
ការប្រកួតជម្រុះផ្នែកបុរសត្រូវបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយកក្រុមខ្លាំង៤ឡើងទៅប្រកួតជុំចុងក្រោយ។ ដោយឡែកការប្រកួតផ្នែកនារីចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ដើម្បីជ្រើសរើសយក៤ក្រុមសម្រាប់ការប្រកួតជុំចុងក្រោយ ។
ទាំងក្រុមបុរស និងនារី៤ក្រុមចុងក្រោយនឹងត្រូវបានគណៈកម្មការជំនាញ និងគ្រូបង្វឹកជ្រើសរើសសមាជិកនៃក្រុមទាំងនោះដែលជំនាញខ្លាំងលើផ្នែកនីមួយៗ ដើម្បីបង្កើតជាក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការហ្វឹកហាត់ត្រៀមចូលរួមប្រកួតស៊ីហ្គេម។
ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជា(E-Sport) បានសង្កត់ធ្ងន់ថា ទាំងអ្នកលេង និងអ្នកគាំទ្រវិស័យកីឡា E-Sport មិនមែនជាក្មេងលេងតាមជញ្ចើមផ្លូវ ដែលត្រូវបានសង្គមគេមើលរំលងនោះទេ។ ពេលនេះយើងគឺជាកីឡាករ E-Sport ពិតប្រាកដ ហើយបើជាអ្នកកីឡាពិតប្រាកដ យើងគួរមានវិន័យជាកីឡាករ នេះជារឿងសំខាន់។
“ខ្ញុំតែងតែនិយាយថាកីឡាអេឡិចត្រនិកនេះ ប្រសិនបើយើងមិនមានបច្ចេកវិទ្យា មិនមានគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រសិនជាមិនមានចំណេះវិជ្ជា មិនមានបីចំណុចនេះ យើងមិនអាចលេងកីឡា E-Sportនោះទេ។”
ឯកឧត្តមបន្តថា វិស័យ E-Sport នៅលើពិភពលោកបានដាក់បញ្ចូលជាកីឡាពិតប្រាកដ ហើយនៅក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម នេះជាលើកទី៣ហើយ ដែលបញ្ចូលវិញ្ញាសា E-Sport រួមមាន៖ ស៊ីហ្គេម ហ្វីលីពីន វៀតណាម និង កម្ពុជា ។
សូមបញ្ជាក់ដែរថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសម្រេចដាក់កីឡាអេឡិចត្រូនិកចំនួន៦ប្រភេទ ស្មើនឹង៩វិញ្ញាសា។ ខណៈការប្រកួតចាប់ផ្តើមពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣៕